Facebook ជ្រើសរើសបុគ្គលិកបន្ថែម ៣,០០០នាក់ ដើម្បីប្រឆាំងវិដេអូ ដែលមានសកម្មភាពហិង្សា និងឃាតកម្ម (Video inside)
03-05-2017 22:18
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook នឹងបន្ថែមបុគ្គលិក ៣០០០នាក់ នៅឆ្នាំក្រោយនេះ ដើម្បីត្រួតពិនិត្យ និងលុបចោលរាល់វិដេអូពាក់ព័ន្ធនឹងអំពើ ឃាតកម្ម និងអត្តឃាត ឬហិង្សា ដែលផ្សាយផ្ទាល់ (Live) ឬត្រូវបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន។ នេះបើតាមនាយកប្រតិបត្តិ ក្រុមហ៊ុន Facebook លោក Mark Zuckerberg ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៧។
លោក Mark Zuckerberg បានសរសេរនៅលើ Facebook ផ្ទាល់ខ្លួនដូច្នេះថា៖ «បុគ្គលិកខាងលើ នឹងត្រូវបន្ថែមលើបុគ្គលិកបច្ចុប្បន្ន ៤៥០០នាក់ ដែលបាននិងកំពុងត្រួតពិនិត្យរាល់ការបង្ហាះ ដែលរំលោភបទបញ្ញត្តិរបស់ Facebook»។ ការជ្រើសរើសបុគ្គលិកបន្ថែម របស់បណ្ដាញទំនាក់ទំនងសង្គម ដ៏ល្បីមួយនេះ ធ្វើឡើងបន្ទាប់ពីសកម្មភាពហិង្សា និងអំពើឃាតកម្ម ឬក៏អត្តឃាត ត្រូវបានផ្សាយផ្ទាល់លើ Facebook ជាបន្តបន្ទាប់។
ជាក់ស្ដែងកាលពីប៉ុន្មានសប្ដាហ៍មុន បុរសជនជាតិថៃម្នាក់បានសម្លាប់កូនស្រីបង្កើតខ្លួនអាយុ១១ខែ ដោយផ្សាយផ្ទាល់នៅលើ Facebook មុននឹងរូបគេ សម្រេចចិត្តសម្លាប់ខ្លួនឯងតាមក្រោយ ហើយមួយថ្ងៃបន្ទាប់ វីដេអូនេះ មានអ្នកមើលរហូតដល់ទៅជាង ៣៧០,០០០នាក់ មុននឹងត្រូវលុបចេញ។ លើសពីនេះទៅទៀត អំពើឃាតកម្មផ្សាយផ្ទាល់របៀបនេះក៏ បានកើតឡើងផងដែរនៅទីក្រុង Chicago និង ទីក្រុង Cleveland សហរដ្ឋអាមេរិក៕