ហ្វីលីពីន-រុស្ស៊ី នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងឱកាសលោក ឌូតឺតេ ទៅបំពេញទស្សនកិច្ចនៅម៉ូស្គូ!
03-05-2017 17:06
(ម៉ានីល)៖ ហ្វីលីពីនបានត្រៀមខ្លួនរួចហើយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីវិស័យ ការពារជាតិ និងសន្តិសុខជាមួយរុស្ស៊ី នាឱកាសដែលប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បំពេញទស្សនកិច្ចទៅកាន់ ទីក្រុងម៉ូស្គូនៅក្នុងខែនេះ។ នេះបើតាមសម្តីមន្ត្រីរដ្ឋាភិបាលហ្វីលីពីន ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
ជុំវិញដំណើរទស្សនកិច្ចនេះដែរ ក្រសួងការបរទេសហ្វីលីពីនបានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ លោក Delfin Lorenzana បានជួបពិភាក្សាការងារជាមួយសមភាគីរុស្ស៊ី លោក Sergey Shoygu នៅក្នុងសន្និសីទស្តីពីសន្តិសុខអន្តរជាតិលើកទី០៦ នៅឯទីក្រុងម៉ូស្គូកាលពីថ្ងៃទី២៦ ខែមេសា ហើយដែល នេះអាចនិយាយបានថា វាគឺជាជំនួបលើកដំបូងរវាងអ្នកពីរ។
ជាងនេះទៅទៀត លោក Lorenzana និង លោក Shoygu ក៏បានសាទរផងដែរ ចំពោះការអភិវឌ្ឍន៍ ជាលក្ខណៈវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាការព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ និងការពារជាតិរវាងប្រទេសទំាងពីរផងដែរ។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក ឌូតឺតេ នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ នៅក្នុងខែឧសភានេះ នៅក្នុងបរិបទដែលលោកកំពុងព្យាយាម ស្វែងរកនយោបាយការទូតឯករាជ្យមួយ ដោយមិនចាំបាច់ពឹងផ្អែកតែទៅលើសហរដ្ឋអាមេរិក តាមរយៈការបោះដៃទៅរកចិន និងរុស្ស៊ី៕