(ញូដេលី)៖ កងកម្លាំងយោធានៃប្រទេសឥណ្ឌានាពេលថ្មីៗនេះ បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលជាប្រភេទ Cruise Missile មានឈ្មោះថា Brahmos ដែលជាជំនាន់ថ្មី ដោយទើបតែត្រូវបានបង្កើនសមត្ថភាពយ៉ាងទំនើបលើសមុនៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
គ្រូសមីស៊ីល (Cruise Missile) សម្រាប់វាយប្រហារប្រឆាំងនឹងគោលដៅនៅលើផ្ទៃដី Brahmos នេះ ត្រូវបានបាញ់សាកល្បងចេញពីប្រជុំកោះ Andaman និង Nicobar។ ការកំណត់គោលដៅពីផ្ទៃដីទៅកាន់ផ្ទៃដីរបស់មីស៊ីលខាងលើនេះ ត្រូវបានធ្វើឡើងពីជើងទម្របាញ់បង្ហោះចល័តដោយស្វ័យប្រវត្តិ។ មន្រ្តីយោធាជាន់ខ្ពស់ឥណ្ឌាមួយរូបបានឲ្យដឹងថា ការធ្វើតេស្តមីស៊ីលនេះបានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ អំពីប្រសិទ្ធភាពគ្មានគូប្រៀបរបស់សព្វាវុធនេះ ដោយបានវាយប្រហារចំគោលដៅត្រូវបានរៀបចំទុក ឥតល្អៀងអ្វីបន្តិចសោះឡើយ។
គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅកងទ័ពជើងទឹកឥណ្ឌា បានធ្វើការបាញ់តេស្តគ្រូសមីស៊ីល Brahmos ជាច្រើនស៊េរីខុសៗគ្នា ដែលសម្រាប់វាយប្រហារគោលដៅលើគោក ហើយបើតាមមន្រ្តីយោធាប្រទេសឥណ្ឌា នាវាចម្បាំងជួរមុខភាគច្រើនរបស់មហាយក្សនៅអាស៊ីមួយនេះ មានសមត្ថភាពបើកការវាយប្រហារដោយមីស៊ីលប្រភេទនេះ៕