(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក New York Times បានចុះផ្សាយថាអភិបាលក្រុង Los Angeles លោក Eric Garcetti ទំនងជាអាចធ្វើការពិចារណា ចំពោះការឈរឈ្មោះបេក្ខភាពប្រធានាធិបតី របស់គណបក្សប្រជាធិបតេយ្យ នៅក្នុងឆ្នាំ២០២០ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
នេះគឺជាលើកទីមួយហើយដែលលោក Garcetti បានលេចឈ្មោះ នៅក្នុងបណ្តាញសារព័ត៌មានដ៏ល្បីមួយ ពាក់ព័ន្ធជាមួយការប្រកួតប្រជែងយកតំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិកបែបនេះ ហើយជុំវិញសេចក្តីរាយការណ៍ព័ត៌មាននេះដែរ អ្នកនាំពាក្យលោក Garcetti បានឲ្យដឹងថា លោកអភិបាលក្រុងពុំមានការធ្វើអត្ថាធិប្បាយអ្វីឡើយ។
គួរបញ្ជាក់ថា លោក Eric Garcetti ដែលជាអភិបាលទី៤២ របស់ទីក្រុង Los Angeles មានកន្លែងកំណើតនៅក្នុងតំបន់ San Fernando នៃរដ្ឋកាលីហ្វរញ៉ា និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ និងបណ្ឌិតនៅសាកលវិទ្យាល័យ Columbia និងមានតួនាទីជាវរសេនីយ៍បម្រុង នៅក្នុងកងទ័ពជើងទឹកអាមេរិកផងដែរ៕