(កាប៊ុល)៖ ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងកក្រើក នៅចំកណ្ដាលរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃពុធនេះ បានកើនឡើងដល់០៨នាក់ និង២៨នាក់ទៀតរងរបួស។ នេះបើតាមសម្តីក្រុមមន្ត្រីសុខាភិបាលអាហ្វហ្គានីស្ថាន ដកស្រង់ទីភ្នាក់ងារ សារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀល ថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
យោងតាម Reuters ការវាយប្រហារនេះបានកើតឡើង នៅក្បែរស្ថានទូតអាមេរិកប្រចាំរដ្ឋធានីកាប៊ុល ដោយមានគោលដៅលើក្បួនរថយន្ដដឹកបុគ្គ លិក របស់កងកម្លាំងអង្គការណាតូ។ ចំណែកឯ អ្នកនាំពាក្យកងទ័ពអាមេរិក លោក Bill Salvin ក៏បានឱ្យដឹងដែរថា បុគ្គលិកយោធាអាមេរិក ០៣នាក់ នៅក្នុងចំណោមមនុស្ស២៨នាក់ បានរងរបួស រីឯជនស៊ីវិល០៨នាក់ នៅក្បែរក្បួនរថយន្ដនេះ បានបាត់បង់ជីវិតក្នុងថ្លុកឈាម។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះពុំទាន់មានក្រុមណាមួយ ចេញមុខអះអាងថាជាអ្នកប្រព្រឹត្តឡើយ ខណៈការវាយប្រហារនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមឧទ្ទាមតាលីបង់ គំរាមបើកការ វាយប្រហារសងសឹកប្រឆាំងនឹងកងកម្លាំងបរទេស នៅអាហ្វហ្គានីស្ថាន៕