(សេអ៊ូល)៖ ខណៈភាពតានតឹងនៅឧបទ្វីបកូរ៉េ នៅតែបន្តរក្សាកម្តៅដ៏ក្តៅគគុក នៅទីបំផុតទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី០៣ ខែឧសភានេះបានទទួលស្គាល់ថា ទីក្រុងព្យុងយ៉ាង បានចាប់ និងឃុំខ្លួនពលរដ្ឋអាមេរិកម្នាក់ឈ្មោះ លោក Sang-duk Kim ក្រោមបទចោទប្រកាន់ថា បានធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល លោក គីម ជុងអ៊ុន។ នេះបើតាមការដកស្រង់ពីបណ្តាញព័ត៌មានទាន់ហេតុការណ៍នៅមុននេះបន្តិច នារសៀលថ្ងៃពុធ។
យោងតាមក្រុមមន្ត្រីកូរ៉េខាងត្បូង លោក Sang-duk Kim ឬ Tony Kim ជាពលរដ្ឋអាមេរិក ដើមកំណើតកូរ៉េ ដែលត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួន កាលពីថ្ងៃទី២២ ខែមេសា នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាង អំឡុងពេលត្រៀមចាកចេញពីប្រទេសកុម្មុយនីស្ដមួយនេះ បន្ទាប់ពីលោកបានបំពេញការងារជាគ្រូបង្រៀន អស់រយៈពេលជាច្រើនសប្ដាហ៍ នៅឯសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងព្យុងយ៉ាង (PUST)។ លោក Tony Kim ក៏ធ្លាប់ធ្វើការងារជាសាស្រ្តាចារ្យ នៅឯសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ Yanbian ក្នុងប្រទេសចិនមុននឹងក្លាយជា អ្នកដឹកនាំសកម្មភាពជំនួយមនុស្សធម៌ សម្រាប់កូរ៉េខាងជើង។
គួរបញ្ជាក់ថា លោក Sang-duk Kim គឺជាពលរដ្ឋអាមេរិកទី០៣ហើយ ដែលត្រូវបានចាប់ឃុំខ្លួននៅកូរ៉េខាងជើង បន្ទាប់ពីលោក Kim Dong-chul និង និស្សិតអាមេរិកម្នាក់ទៀតឈ្មោះ Otto Warmbier ដែលត្រូវបានកាត់ទោស និងឃុំខ្លួនពីបទធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល លោក គីម ជុងអ៊ុន។ ដោយឡែកជុំវិញបញ្ហានេះដែរ ក្រុមអ្នកជំនាញលើសំណុំរឿងកូរ៉េខាងជើងមួយចំនួនយល់ថា ទីក្រុងព្យុងយ៉ាងអាចនឹងប្រើការចាប់ខ្លួន ពលរដ្ឋអាមេរិក ដើម្បីចរចាជាមួយសហរដ្ឋអាមេរិកនៅថ្ងៃណាមួយ។ ក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានអះអាងថា នឹងមិនបណ្ដោយឱ្យទីក្រុងព្យុងយ៉ាង យកការចាប់ខ្លួនពលរដ្ឋរបស់ខ្លួនទុកចរចាជាដាច់ខាត ហើយថាកិច្ចចរចាអាចធ្វើទៅបាន ដរាបណាកូរ៉េខាងជើង មានឆន្ទៈបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ៕