(សេអ៊ូល)៖ នាពេលថ្មីៗនេះមានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបំផ្ទុះគ្រាប់មីស៊ីលផ្លោងរបស់ខ្លួនដោយចេតនា នៅក្នុងអំឡុងការធ្វើតេស្តបរាជ័យកាលពីចុងសប្តាហ៍មុននេះ ដោយសារតែមីស៊ីលផ្លោងនោះបានរត់ខុសគោលដៅ ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចក្រភពអង់គ្លេស Daily Mail (Mail Online) នៅរសៀលថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍សប្តាហ៍មុននេះ របបដឹកនាំទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលផ្លោងចំនួនមួយគ្រាប់សាជាថ្មីម្តងទៀត ដោយមិនខ្វល់ចំពោះការព្រមានធ្ងន់ៗពីសហរដ្ឋអាមេរិកនោះឡើយ។ ក៏ប៉ុន្តែភ្លាមៗនោះដែរគ្រាប់មីស៊ីលនោះ ក៏បានផ្ទុះធ្លាក់ចុះមកនៅក្នុងទឹកដីកូរ៉េខាងជើងវិញ បន្ទាប់ពីធ្វើដំណើរបានត្រឹមតែជិត ៥០គីឡូម៉ែត្រប៉ុណ្ណោះ។
ជុំវិញការធ្វើតេស្តនេះមានការអះអាងថា ក្រុមមន្រ្តីពោរពេញដោយភាពផិតភ័យ របស់ប្រមុខដឹកនាំកំពូលលោក គីម ជុនអ៊ុន បានបំផ្ទុះមីស៊ីលផ្លោង ដែលត្រូវគេជឿជាក់ថា ជាប្រភេទ KN-17 ដោយចេតនាតែម្តងនាប៉ុន្មាននាទីក្រោយពីបានហោះចេញ ដោយខ្លាចថា វាត្រូវបានបាញ់សំដៅទៅកាន់ដែនដីរុស្ស៊ីដោយចៃដន្យ។ យោងតាមសារព័ត៌មាន SE Daily របស់កូរ៉េខាងត្បូង មីស៊ីលផ្លោងមួយគ្រាប់នោះ នឹងអាចវាយប្រហារទៅចំលើកំពង់ផែ ឬមួយក៏ដែនដីរបស់រុស្ស៊ីជាក់ជាមិនខានឡើយ បើសិនជាវាមិនត្រូវគេបំផ្ទុះចោលមុនទេនោះ។
ប្រភពមួយមិនបញ្ចេញអត្តសញ្ញាណត្រូវបានគេដកស្រង់សម្តីដូចច្នេះថា គោលដៅនៃការធ្វើតេស្តនេះ មានភាពខុសគ្នាផ្សេងពីទិសដៅពីលើកមុនៗ ដោយកាលពីពេលកន្លងមក យើងបាញ់សាកល្បងក្នុងមុំចន្លោះពី ៨៩ទៅ៩០ដឺក្រ ទៅភាគខាងកើត ហើយគ្រាប់មីស៊ីលតែងតែធ្លាក់ទៅក្នុងសមុទ្រខាងកើត (សមុទ្រជប៉ុន) ក៏ប៉ុន្តែរង្វាស់មុំនៃការធ្វើតេស្តលើកនេះគឺស្ថិតនៅ ៤៩ដឺក្រេទៅវិញ។
គួរបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការធ្វើតេស្តមីស៊ីលផ្លោងរបស់កូរ៉េខាងជើងភ្លាមៗ មន្រ្តីការពារជាតិ និងសន្តិសុខរុស្ស៊ីក៏បានអះអាងថា ប្រព័ន្ធការពារដែនអាកាសនៅតំបន់ភាគខាងកើតប្រទេស ត្រូវបានដាក់ឲ្យស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ទៀតផង៕