(ហាណូយ)៖ គ្រោះថ្នាក់ចរាចរណ៍ ១២៥លើក គិតចាប់ពីថ្ងៃសៅរ៍សប្ដាហ៍មុន រហូតដល់ថ្ងៃអង្គារសប្តាហ៍នេះ បានសម្លាប់មនុស្ស ៩៨នាក់ និង៩០នាក់ផ្សេងទៀតរងរបួស នៅទូទំាងប្រទេសវៀតណាម។ នេះបើតាមគណកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍វៀតណាម ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ទំាង១២៥លើកខាងលើ កើតឡើងរាប់ចាប់ពីថ្ងៃសៅរ៍សប្ដាហ៍មុន រហូតដល់ថ្ងៃអង្គារសប្តាហ៍ថ្មីនេះ ដោយ រាប់បញ្ចូលទំាងថ្ងៃឈប់សម្រាក០៤ថ្ងៃ របស់វៀតណាម គឺថ្ងៃទិវាពលកម្មអន្តរជាតិ ព្រមទាំងទិវាថ្ងៃរំដោះ និងរួបរួមជាតិផងដែរ។
គួរបញ្ជាក់ថា បើតាមប្រធានគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍វៀតណាម លោក Khuat Viet Hung បទល្មើសចរាចរណ៍ទាំងផ្លូវគោក និងផ្លូវទឹកមានចំនួន ២៣,៧៩០ករណី ខណៈការផាកពិន័យមានរហូតដល់ទៅ ៥០៨,០០០ដុល្លារ រីឯរថយន្ដ៩៨គ្រឿងព្រមទំាងម៉ូតូ ៣,៦០០គ្រឿង ត្រូវបានរឹបអូស ហើយអ្នកបើកបរ ១,០១២នាក់ ត្រូវដកហូតប័ណ្ណបើកបរផងដែរ៕