(សិង្ហបុរី)៖ អាកាសចរណ៍របស់ប្រទេសសិង្ហបុរី SIA បានប្រកាសចាប់ផ្តើមធ្វើប្រតិបត្តិការជើងហោះហើរ ប្រើថាមពលជីវៈឥន្ធនៈដំបូងគេបង្អស់ ដើម្បីនិរន្តរភាពភពផែនដី នៅក្នុងសន្និសីទសារព័ត៌មានមួយ ធ្វើឡើងនៅថ្ងៃពុធនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
អាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) និងក្រុមហ៊ុន SIA បានប្រកាសថា ជើងហោះហើរដើរដោយថាមពលបានមកពីជីវៈឥន្ធនៈត្រូវបានចាប់ផ្តើមឡើង កាលពីវេលាម៉ោង ១១៖២១នាទីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ចេញពីអាកាសយានដ្ឋានទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ហើយវានឹងមកដល់ប្រទេសសិង្ហបុរី នៅវេលាម៉ោង ៧៖១០នាទីយប់ថ្ងៃពុធនេះហើយ (ម៉ោងនៅសិង្ហបុរី)។
គួរបញ្ជាក់ថា អាកាសចរណ៍សិង្ហបុរីបានផ្តល់កញ្ចប់នៃការហោះហើរចំនួន ១២ជើង សម្រាប់ធ្វើប្រតិបត្តិការក្នុងរយៈពេល ៣ខែរវាងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ទៅមកសិង្ហបុរី ខណៈដែលជើងហោះហើរដំបូងខាងលើ Flight SQ31 មានផ្ទុកអ្នកដំណើរចំនួន ២០៦នាក់។ វាត្រូវបានគេឲ្យឈ្មោះថា «ជើងហោះហើរបៃតង» ដែលជាកិច្ចចាប់ផ្តើមមុនគេបង្អស់ក្នុងពិភពលោក ដើម្បីការពារបរិស្ថានធម្មជាតិតាមរយៈការប្រើប្រាស់ថាមពលជីវៈឥន្ធនៈ នៅលើយន្តហោះ Airbus A350-900 ទាំងអស់៕