(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានចេញមុខប្រកែកតវ៉ា ចំពោះការប៉ាន់ស្មានក្នុងរបាយការណ៍ របស់អង្គការឃ្លាំងមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) នាពេលថ្មីៗនេះ ស្តីពីការវាយប្រហារដោយអាវុធគីមី នៅភាគពាយ័ព្យប្រទេសស៊ីរី កាលពីដើមខែមេសាកន្លងទៅ ដែលនៅក្នុងរបាយការណ៍នោះ បានប្រើប្រាស់រូបភាពនៅលើប្រព័ន្ធអ៊ីនធើណែត និងបទសម្ភាសន៍មិនផ្លូវការក្នុងការសន្និដ្ឋានថា គ្រាប់បែកគីមីទម្លាក់ពីលើអាកាស ដែលផលិតឡើងដោយអតីតសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) ត្រូវបានប្រើប្រាស់នៅក្នុងទីក្រុងរងគ្រោះ Khan Sheikhoun។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
ក្នុងសប្តាហ៍នេះអង្គការឃ្លាំងមើលសិទ្ធិមនុស្សអន្តរជាតិ បានចេញផ្សាយរបាយការណ៍មួយស្តីពី ការប្រើប្រាស់អាវុធគីមីពុលដ៏សាហាវ នៅក្នុងប្រទេសស៊ីរី។ របាយការណ៍នោះមានបង្ហាញមកជាមួយនូវរូបភាពមួយចំនួន ដែល HRW ជឿជាក់ថា ជាបំណែកនៃគ្រាប់បែកផលិតឡើង កាលពីសម័យសហភាពសូវៀត និងត្រូវបានអះអាងថា រកឃើញនៅក្នុងទីក្រុង Khan Sheikhoun នៃខេត្ត Idlib របស់ស៊ីរី។
បំណែកនៃវត្ថុដែលក្រុមឧទ្ទាមស៊ីរីបានអះអាងថា ជាគ្រាប់បែកផ្ទុកដោយអាវុធគីមីនេះ ត្រូវបានយកទៅប្រៀបធៀបគ្នាជាមួយគំរូតាង នៃគ្រាប់បែក KhAB-250 របស់សហភាពសូវៀតនៅក្នុងសារៈមន្ទីរ នៅក្នុងការរួមបញ្ចូលគ្នានៃរូបភាពដែលចេញផ្សាយដោយ HRW។
ជុំវិញរឿងនេះក្រសួងការពារជាតិរុស្ស៊ី បានចោទសួរដេញដោលថា តើការប្រើប្រាស់រូបភាព ពីសារៈមន្ទីរទីក្រុងម៉ូស្គូបែបនេះ អាចចាត់ទុកជាភស្តុតាងច្បាស់លាស់មួយដែរ ឬយ៉ាងណា និងបានគូសបញ្ជាក់ថា HRW មិនបានធ្វើការស៊ើបអង្កេតល្អិតល្អន់ណាមួយ នៅលើផ្ទៃដីកន្លែងកើតហេតុផ្ទាល់នោះឡើយ។ លើសពីនេះអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោកឧត្តមសេនីយ៍ Igor Konashenkov ក៏បានចេញមុខពន្យល់បកស្រាយអំពីមន្ទិលសង្ស័យ ពាក់ព័ន្ធជាមួយគ្រាប់បែក KhAB-250 នេះផងដែរ។
យ៉ាងណាមិញអង្គការឃ្លាំងមើលសិទ្ធិមនុស្សអន្តរជាតិ បានឲ្យដឹងជាពិសេសនៅក្នុងរបាយការណ៍ខាងលើថា ខ្លួនបានសម្ភាសន៍មនុស្សចំនួន៦០នាក់ ដែលបានទទួលរងឥទ្ធិពលពីការវាយប្រហារដោយអាវុធគីមីនេះផ្ទាល់ និងហេតុការណ៍វិវឌ្ឍន៍ ក្រោយមកទៀតរបស់ពួកគេ ហើយក៏បានត្រួតពិនិត្យផងដែរទៅលើរូបភាព ក៏ដូចជាវីដេអូជាច្រើននៃកន្លែងកើតហេតុរួមទាំងជនរងគ្រោះ ដែលត្រូវបានបង្ហោះនៅលើបណ្តាញអ៊ីនធើណែត និងផ្តល់ដោយផ្ទាល់ពីសំណាក់អ្នករស់នៅក្នុងតំបន់។
គួរបញ្ជាក់ថា ដោយសារតែការវាយប្រហារដោយអាវុធគីមី ដែលបានផ្តាច់យកជីវិតជនស្លូតត្រង់អស់ជាច្រើននាក់នេះ សហរដ្ឋអាមេរិក បានសម្រេចបើកការវាយប្រហារគ្រាប់មីស៊ីលចំនួន ៥៩គ្រាប់ ទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី ទោះបីជារដ្ឋាភិបាលស៊ិរី បានចេញមុខបដិសេធការចោទប្រកាន់យ៉ាងណាក្តី៕