(សេអ៊ូល)៖ ការនាំចេញគ្រាប់ធញ្ញជាតិរបស់ចិន ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីមីនា កន្លងទៅ ត្រូវបានគេដឹងថា បានកើនឡើងខ្លាំងជាងពេលណាៗទាំងអស់។ នេះបើតាមយោងតាមទិន្នន័យរបស់ស្ថាប័នគយនៃរដ្ឋាភិបាលចិន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
យោងតាមទិន្នន័យដដែល កូរ៉េខាងជើងបាននាំចូលគ្រាប់ធញ្ញជាតិ ៤,៤០០តោនពីប្រទេសចិន កាលពីខែមីនាកន្លងទៅ ហើយបរិមាណនេះគឺកើនឡើងខ្លាំង បើធៀបទៅនឹងខែកុម្ភៈ ដែលមានត្រឹមតែ ១,២៧៥តោនប៉ុណ្ណោះ។ ដោយឡែកការនាំចូលស្រូវសាលីបានកើនឡើងរហូតដល់ ១,៧៨៨តោន, ស្រូវ ៩៥៦តោន និងពោត ៨៨២តោន។
គួរបញ្ជាក់ថា បើគិតត្រឹមខែមករា ដល់ខែមីនា ឆ្នាំ២០១៧ ការនាំចូលគ្រាប់ធញ្ញជាតិរបស់កូរ៉េខាងជើង ពីចិនបានកើនឡើងដល់ ៦,៥១២តោន ឬចកើនលើសមុន ៤.៣ដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលជី រឹតតែកើនឡើងខ្ពស់ទៅទៀត ដល់ទៅជាង ៥៣,៨៦៣តោន ឬ ៦៧ភាគរយកាលពីខែមីនា៕