(គូឡាឡាំពួ)៖ កងកម្លាំងបង្រ្កាបភេរវកម្មម៉ាឡេស៊ី នៅចន្លោះថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី២៥ ខែមេសាកន្លងទៅនេះ បានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន០៦នាក់ ដែលរងការចោទប្រកាន់ថា បានចួលរួមក្នុងសកម្មភាពទាក់ទងជាមួយនឹង ក្រុមសកម្មប្រយុទ្ធ ISIS។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
ជនសង្ស័យទាំង០៦នាក់ខាងលើនេះ រួមមានបុរសពីរនាក់ និងស្រ្តីពីរនាក់ដែលសុទ្ធតែជាជនជាតិម៉ាឡេស៊ី ហើយពួកគេត្រូវចាប់ឃាត់ខ្លួនបាននៅក្នុងរដ្ឋ Kelantan, Pahang, Malacca, Johor និង Penang។ បុរសពីរនាក់នៅក្នុងចំណោមនោះមានវ័យ ២៦ឆ្នាំ និង៤១ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋ Kelantan ពីបទលួចនាំចូលអាវុធពីតំបន់ភាគខាងត្បូងប្រទេសថៃ មកកាន់ម៉ាឡេស៊ី។
ដោយឡែកសម្រាប់បុរសពីរនាក់ផ្សេង មានម្នាក់ទើបតែត្រឡប់មកពីបំពេញបេសកកម្មនៅក្នុងប្រទេសស៊ីរី និងម្នាក់ទៀតត្រូវអាជ្ញាធររកឃើញថា បានព្យាយាមរៀបចំគម្រោងវាយប្រហារលើ ព្រះវិហារសាសនាអ៊ីស្លាមមួយកន្លែង នៅក្នុងរដ្ឋ Penang។
គួរបញ្ជាក់ថា ចំណែកឯស្រ្តីពីរនាក់ទៀតវិញ បានជាប់ចោទពីបទផ្សព្វផ្សាយមនោគមន៍វិជ្ជា ISIS តាមរយៈកម្មវិធី Google Plus។ អាជ្ញាធរម៉ាឡេស៊ី ក៏កំពុងនៅបន្តតាមស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះថា Muhammad Muzaffa Arieff Junaidi អាយុ ២៧ឆ្នាំ មកពីរដ្ឋ Kelantan ដែលត្រូវគេជឿជាក់ថា មានជាប់ពាក់ព័ន្ធការលួចនាំចូលអាវុធខុសច្បាប់ ហើយបានរត់គេចខ្លួនទៅកាន់ប្រទេសថៃបាត់ផងដែរ៕