(វ៉ាស៊ីនតោន)៖ អតីតគូប្រជែងដ៏ស្វិតស្វាញជាមួយលោក ដូណាល់ ត្រាំ លោកស្រី ហ៊ីលឡារី គ្លីនតុន នៅថ្ងៃអង្គារបានបញ្ចេញមតិជុំវិញបញ្ហាដ៏ក្តៅគគុក នៅតំបន់ឧបទ្វីបកូរ៉េថា សហរដ្ឋអាមេរិកគួរតែមានការប្រយ័ត្នប្រយែងខ្ពស់ចំពោះកិច្ចចរចា ដែលអាចកើតមានឡើងជាមួយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៧។
ការលើកឡើងរបស់លោកស្រី គ្លីនតុន ខាងលើនេះបានធ្វើឡើងបន្ទាប់ពី លោក ត្រាំ ប្រធានាធិបតីអាមេរិកបានអះអាងថា លោកស្វាគមន៍ចំពោះជំនួបពិភាក្សា និងការចរចាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងបរិយាកាសដ៏ត្រឹមត្រូវមួយ។ លោកស្រី គ្លីនតុន បានបញ្ចេញមតិយោបល់យ៉ាងដូច្នេះថា «បញ្ហាកូរ៉េខាងជើង តែងតែត្រូវបានចាប់អារម្មណ៍មិនមែនតែនៅជំនាន់ លោក គីម ជុងអ៊ុន នោះទេ ប៉ុន្តែកាលពីជំនាន់ឪពុក និងជីតាផងដែរ ដែលសហរដ្ឋអាមេរិកបានព្យាយាមធ្វើការចរចា ដើម្បីលុបបំបាត់ឥទ្ធិពល និងតួនាទីរបស់ពួកគេ»។
អតីតបេក្ខជនប្រធានាធិបតីប្រចាំបក្សប្រជាធិបតេយ្យរូបនេះ ក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកគួរតែមានការប្រុងប្រយ័ត្ន នៅពេលដែលហុចឱកាសឲ្យកូរ៉េខាងជើងចូលមកតុចរចាគ្នា ពីព្រោះថា វានឹងក្លាយជារឿងស្មុគស្មាញ។ លោកស្រី គ្លីនតុន បានសង្កត់ធ្ងន់ទៀតថា អាមេរិកគួរតែបង្កើតយុទ្ធសាស្ត្រឲ្យទូលាយជាងនេះ ដោយមិនមែនជាគ្រាន់តែធ្វើការបង្ហោះសារលើ Twitter ថា «តោះ! ចូលរួមជាមួយគ្នា! អ្នកដឹងទេ នៅពេលមើលឃើញការចូលរួមជាមួយគ្នា យើងអាចសម្រេចចេញនូវដំណោះស្រាយណាមួយ!» ដោយការធ្វើបែបនេះ លោកស្រីគិតថា មិនអាចមានលទ្ធផលចេញមកនោះឡើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានលើកឡើងថា លោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រសិនបើស្ថានភាពអំណោយផល។ «ប្រសិនបើវាសាកសមសម្រាប់ខ្ញុំ ក្នុងការជួបជាមួយលោក គីមនោះ ខ្ញុំច្បាស់ជាជួបជាមិនខាន ខ្ញុំពិតជាមានកិត្តិយសក្នុងការធ្វើបែបនេះ» នេះជាការលើកឡើងរបស់លោក ត្រាំ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg News។
ការលើកឡើងបាននេះ ត្រូវបានធ្វើឡើង ខណៈដែលមានក្តីបារម្ភកំពុងកើតមានឡើង នៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងតំបន់ទាក់ទង នឹងការគំរាមកំហែងនៃកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង បន្ទាប់ពីភាពបរាជ័យក្នុងការបាញ់សាកល្បងមីស៊ីលក្នុងពេលថ្មីៗនេះ៕