(ប៉ារីស)៖ ខណៈការបោះឆ្នោតជុំទី០២ កាន់តែខិតជិតចូលមកដល់ និងបើទោះជាដឹងថា ប្រជាប្រិយភាព របស់ខ្លួនកំពុងធ្លាក់ចុះក៏ដោយ ក៏បេក្ខនារីប្រធានាធិបតីបារាំង លោកស្រី Marine Le Pen នៅតែប្រកាន់គោលជំហរដដែលថា លោកស្រីនឹងរៀបចំការបោះឆ្នោតប្រជាមតិឱ្យបារំាងចាកចេញពី សហភាពអឺរ៉ុប ហើយងាកមកចាយលុយហ្រ្វង់ Franc វិញ បើសិនជាលោកស្រីជាប់ឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ លោកស្រី Le Pen បានបញ្ជាក់យ៉ាងច្បាស់ថា បារាំងគួរតែចាកចេញពីសហភាពអឺរ៉ុប និងចាយរូបិយវត្ថុតែមួយ។ អ្នកនយោបាយស្ដាំនិយមជ្រុលរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «លុយអឺរ៉ូមិនបានការពារនរណាម្នាក់នោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញវាគឺជា បន្ទុកដ៏ធ្ងន់ដល់វិស័យការងារ និងការប្រកួតប្រជែងនៃមុខជំនួញរបស់យើង (...) ដូច្នេះចាំបាច់ណាស់យើងគួរតែបង្កើតសេដ្ឋកិច្ចថ្មីមួយ ដែលគ្មានរូបិយវត្ថុរួមនេះ»។
គួរបញ្ជាក់ថា ក្រុមអ្នកគាំទ្រលោកស្រីចង់ឱ្យបារាំងចាយលុយហ្រ្វង់វិញ ក៏ប៉ុន្តែប្រជាជនបារាំងបីភាគបួន នៅតែចង់ឱ្យបារាំងចាយលុយអឺរ៉ូដដែល ហើយម្យ៉ាងវិញទៀតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី០២ នៅថ្ងៃទីអាទិត្យ ទី០៧ ខែឧសភា ខាងមុខនេះ លោក Emmanuel Macro អាចនឹងផ្ដួលលោកស្រី Marine Le Pen ដោយទទួលបានសំឡេងគាំទ្រ ៦០ភាគរយ ទល់នឹង៤០ភាគរយ។ នេះបើតាមការស្ទង់មតិជាច្រើនដោយស្ថាប័ននានាក្នុងប្រទេសបារាំង៕