(ការ៉ាកាស់)៖ ក្រុមអ្នកគណបក្សប្រឆាំងរបស់ប្រទេសវេណេស៊ុយអេឡា បាននាំគ្នាបិទផ្លូវធ្វើដំណើរជាច្រើនខ្សែ នៅក្នុងរដ្ឋធានីការ៉ាកាស់ ដើម្បីថ្កោលទោសចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតី លោក Nicolas Maduro ក្នុងការទាមទារឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
ជុំវិញការស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ លោក Maduro ក៏បានអះអាងដែរថា វេណេស៊ុយអេឡា គួរតែមានសភាប្រជាជន និងរដ្ឋធម្មនុញ្ញថ្មីមួយ ដើម្បីស្ដារឡើងវិញនូវសន្តិភាព ក៏ដូចជាទប់ស្កាត់ការធ្វើរដ្ឋប្រហារ។ ក៏ប៉ុន្តែក្រុមគណបក្សប្រឆាំង ដែលគ្រប់គ្រងសភាជាតិបានច្រានចោលសំណើនេះ និងចោទថា លោកប្រធានាធិបតីមានចេតនាបំផ្លាញបទបញ្ញត្តិ នៃរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដើម្បីសំដៅពង្រឹងអំណាចរបស់ខ្លួនឯងទៅវិញ។
នៅក្នុងរយៈពេលប្រមាណមួយខែចុងក្រោយនេះ បាតុកម្មផ្ទុះអំពើហិង្សាដែលរៀបចំឡើងដោយក្រុមបក្សប្រឆាំង បានកើតមានឡើងស្ទើរតែជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ក្នុងគោលបំណងសំដៅទាមទារឲ្យលោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡាចុះចេញពីអំណាច និងស្នើឲ្យមានការបោះឆ្នោតនៅមុនពេលកំណត់។ ជាការឆ្លើយតបរដ្ឋាភិបាល ក៏បានសម្រេចប្រើប្រាស់កម្លាំងកងសន្តិសុខ រួមទាំងការដង្ហែរបាតុកម្មតបតទៅវិញដោយក្រុមអ្នកគាំទ្រលោក Maduro។
គួរបញ្ជាក់ថា កងកម្លាំងសន្តិសុខវេណេស៊ុយអេឡា និងក្រុមអ្នកតវ៉ានៅក្នុងរដ្ឋធានីការ៉ាកាស់ នៅតែបន្តប្រឈមមុខដាក់គ្នាឥតឈប់ឈរ ស្របពេលដែលចំនួនមនុស្សស្លាប់បណ្តាលមកពីបាតុកម្មទ្រង់ទ្រាយធំ បំផុត ដែលបានផ្ទុះឡើងចាប់តាំងដើមខែមេសាមកម្ល៉េះនោះ បានកើនដល់២៩នាក់ និងរងរបួស៤០០នាក់ ហើយរាប់រយនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន៕