(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA បានប្រមូលកំណត់ត្រានៃការនិយាយទូរស័ព្ទរបស់ប្រជាជនអាមេរិកច្រើនជាង១៥១លាននាក់ កាលពី២០១៦ បើទោះជាសភាអាមេរិក បានដាក់កំហិតលើការប្រមូលកំណត់ត្រាទូរស័ព្ទក៏ដោយ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំនៃ ការិយាល័យស៊ើបការសម្ងាត់ជាន់ខ្ពស់អាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
របាយការណ៍ប្រចាំឆ្នាំរបស់ការិយាល័យនាយកទីភ្នាក់ស៊ើបសម្ងាត់ជាតិ លោក Dan Coats បាននិយាយថា វាគឺជារបាយការណ៍ដំបូងដែលនិយាយពីផល ប៉ះពាល់ដល់ច្បាប់សេរីភាពអាមេរិកឆ្នាំ២០១៥ ដែលដាក់កំហិតលើ NSA ក្នុងការប្រមូលកំណត់ត្រានៃការនិយាយទូរស័ព្ទ និងការទំនាក់ទំនងរបស់ ប្រជាជនអាមេរិក ព្រមទំាងទីភ្នាក់ងារស៊ើបការសម្ងាត់ជាដៃគូ ដែលសង្ស័យថា មានទំនាក់ទំនងជាមួយក្រុមភេរវករ។ ជាក់ស្ដែងបើតាមរបាយ ការណ៍នេះដដែល NSA បានប្រមូលកំណត់ត្រាការនិយាយទូរស័ព្ទនេះមានច្រើនជាង១៥១លាននាក់ បើទោះជាខ្លួនបានទទួលបទបញ្ជា សម្ងាត់ស៊ើបការលើ ក្រុមភេរវករតែ៤២នាក់ប៉ុណ្ណោះ កាលពីឆ្នាំ២០១៦ក៏ដោយ។
សូមបញ្ជាក់ថា NSA បានចាប់ផ្ដើមប្រមូលកំណត់ត្រានិយាយទូរស័ព្ទ ចាប់តាំងតែពីមានការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ មកម្លេះ។ ក៏ប៉ុន្តែបើក្រុមអ្នកតាមការពារសិទ្ធិឯកជន ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកមួយនេះ ក៏បានស៊ើបការសម្ងាត់លើការទំនាក់ទំនងតាមប្រព័ន្ធ Internet និងការហៅទូរសព្ទ របស់ប្រជាជនមិនមែនជាជនជាតិអាមេរិក ឬក៏នៅឯបរទេសផងដែរ៕