(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីលោក វ៉្លាឌីមៀ ពូទីន បានឯកភាពគ្នាដើម្បីចូលរួមសហប្រតិបត្តិការ លើការលើកកម្ពស់ការវិវឌ្ឍន៍ផ្នែកការទូតក្នុងការដោះស្រាយភាពតានតឹង នៅតំបន់ឧបទ្វីបកូរ៉េ ក៏ដូចជានៅប្រទេសស៊ីរី ក្នុងកិច្ចពិភាក្សាគ្នាតាមប្រព័ន្ធទូរស័ព្ទនាថ្ងៃអង្គារសប្តាហ៍នេះរវាងមេដឹកនាំទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។
វិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការឲ្យដឹងដូច្នេះថា «លោក វ៉្លាឌីមៀ ពូទីន បានស្នើឲ្យមានការអត់ធ្មត់និងបន្ធូរបន្ថយកម្តៅនៃភាពតានតឹង ដែលកំពុងកើនឡើងនៅឧបទ្វីបកូរ៉េ ហើយសហរដ្ឋអាមេរិកនិងរុស្ស៊ី បានព្រមព្រៀងដើម្បីធ្វើការរួមគ្នាទៅលើដំណោះស្រាយផ្នែកការទូត ដែលនឹងបញ្ចប់វិបត្តិនេះ»។
នាឱកាសនោះលោក ត្រាំ និងលោក ពូទីន ក៏បានជជែកអំពីការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងម៉ូស្គូ ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅស៊ីរីផងដែរ។ យោងតាមសេចក្តីថ្លែងការខាងលើដដែលនេះ លោកប្រធានាធិបតីអាមេរិក និងលោកប្រធានាធិបតីរុស្ស៊ី បានសម្រេចបង្កើតកិច្ចសន្ទនារវាងថ្នាក់ដឹកនាំក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលនឹងសហការគ្នាស្វែងរកសន្តិភាពជូនស៊ីរី។
គួរបញ្ជាក់ថា កិច្ចពិភាក្សាគ្នាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន នេះគឺជាលើកទីមួយហើយ គិតចាប់តាំងពីពេលដែលប្រទេសរុស្ស៊ី បានចេញមុខថ្កោលទោសការវាយប្រហារមីស៊ីលរបស់សហរដ្ឋអាមេរិក ប្រឆាំងទៅនឹងមូលដ្ឋានទ័ពអាកាសរបស់ប្រទេសស៊ីរី ដើម្បីឆ្លើយតបការសង្ស័យពាក់ព័ន្ធការប្រើប្រាស់អាវុធគីមីសម្លាប់ប្រជាពលរដ្ឋខ្លួន របស់រដ្ឋាភិបាលលោក អាល់ អាស្សាដ ដែលជាសម្ព័ន្ធមិត្តលោក ពូទីន ថាជាការឈ្លានពានលើអធិបតេយ្យរដ្ឋ ដែលបំពានលើច្បាប់អន្តរជាតិ៕