(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines លោក Oscar Munoz នឹងប្រាប់សភាអាមេរិក នៅថ្ងៃអង្គារនេះថា លោកនឹងទទួលខុសត្រូវចំពោះការបណ្ដាយឱ្យមានឧបទ្ទវហេតុ ចាប់បង្ខំអូសទំាងកម្រោលអ្នកដំណើរម្នាក់ ចេញពីយន្ដហោះកាលពីថ្ងៃទី០៩ ខែមេសា ហើយដែលទង្វើអសីលធម៌បែបនេះ បានបង្កជាការរិះគន់ និងថ្កោលទោស នៅទូទំាងពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
ក្រោយមានហេតុការណ៍នេះកើតឡើង លោក Oscar Munoz បានចេញមុខសូមទោសជាបន្តបន្ទាប់ ព្រមទំាងបានធ្វើកំណែទម្រង់មួយចំនួនផងដែរ ពាក់ព័ន្ធនឹងជើងហោះហើររបស់ United Airlines។ ដោយឡែក នៅក្នុងលិខិតសក្ខីកម្ម លោក Munoz នៅតែបន្តសូមទោសសាជាថ្មី និងបានលើកឡើង ដូច្នេះថា៖«បុគ្គលិករបស់យើងទំាអស់ មិនមានសិទ្ធិអំណាច ធ្វើអ្វីដែលពួកគេគិតថាត្រូវចំពោះអតិថិជន និងក្រុមហ៊ុនរបស់យើងនោះទេ ហើយក្នុង នាមជានាយកប្រតិបត្តិ វាគឺជាការទទួលខុសត្រូវរបស់ខ្ញុំ»។ ក៏ប៉ុន្តែយ៉ាងក៏ដោយ លោក Munoz មិនបានបញ្ជាក់លម្អិត ថាលោកនឹងទទួលខុសត្រូវ របៀបណានោះទេ។
គួររំលឹកថា កាលពីថ្ងៃទី០៩ ខែមេសា សន្តិសុខក្រុមហ៊ុន United Airlines បានចាប់អូសទំាងកម្រោលអ្នកដំណើរម្នាក់ឈ្មោះ David Dao ចេញពី លើយន្ដហោះ បន្ទាប់ពីរូបគេបដិសេធ មិនព្រមផ្ដល់កន្លែងអង្គុយ ដល់បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយនេះ តាមការស្នើសុំ៕