(សេអ៊ូល)៖ នាយកទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA លោក Mike Pompeo ពិតជាបានបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ប្រាកដមែន ដើម្បីប្រឹក្សាយោបល់ ជាមួយក្រុមមន្ត្រីកូរ៉េខាងត្បូង ជុំវិញសំណុំរឿងកូរ៉េខាងជើង។ ព័ត៌មាននេះត្រូវបានទទួលស្គាល់ដោយកងទ័ពអាមេរិកប្រចាំ កូរ៉េខាងត្បូង USFK។ នេះបើតាម ទីភ្នាក់ងារ សារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
យោងតាម USFK លោក Mike Pompeo នៅថ្ងៃអង្គារនេះ បានបំពេញដំណើរទស្សនកិច្ចទៅកាន់កោះ Yeonpyeong ស្ថិតនៅក្បែរតំបន់ព្រំដែន សមុទ្ររវាងកូរ៉េទាំងពីរ ក្នុងគោលបំណងស្វែងយល់បន្ថែម ពីទីតំាងយុទ្ធសាស្ត្រ និងការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង។ លើសពីនេះទៅទៀត នាយក CIA រូបនេះ ក៏បានពិភាក្សាផងដែរ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ជាមួយសមភាគីកូរ៉េខាងត្បូង លោក Lee Byeong-ho នៅក្នុងអំឡុងបំពេញ ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ចាប់ផ្ដើមតាំងតែពីថ្ងៃសៅរ៍មកម្លេះ។
គួរបញ្ជាក់ថា កោះYeonpyeong បានរងការវាយប្រហារដោយកាំភ្លើងធំរបស់កូរ៉េខាងជើង កាលពីឆ្នាំ២០១០ ដែលបណ្ដាលឱ្យកងទ័ពជើងទឹក កូរ៉េខាងត្បូង០២នាក់ និងជនស៊ីវិល០២ បាត់បង់ជីវិត៕