(បាងកក)៖ ក្រោយពីមានការចេញផ្សាយព័ត៌មានព្រោងព្រាត អំពីកិច្ចពិភាក្សាតាមទូរស័ព្ទរវាងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នោះ មេដឹកនាំរបបយោធាទីក្រុងបាងកករូបនេះ បានលើកឡើងពីសម្តីលោក ត្រាំ បានប្រាប់លោកនាគ្រានោះថា «ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជិតស្និទ្ធជាងពេលណាៗទាំងអស់»។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
លោក ប្រាយុទ្ធ បានប្រាប់អ្នកយកព័ត៌មាននានា ក្នុងទីក្រុងបាងកកយ៉ាងដូច្នេះថា «ប្រធានាធិបតីអាមេរិកបាននិយាយថា យើងជាសម្ព័ន្ធមិត្តដ៏ល្អរបស់ពួកគេ ហើយលោកក៏បានធានាចំពោះខ្ញុំដែរថា ទោះបីជាយើងហាក់នៅឆ្ងាយពីគ្នាមួយរយៈថ្មីៗនេះក្តី ក៏ទំនាក់ទំនងអាមេរិក-ថៃ ចាប់ពីឥឡូវនេះតទៅ នឹងកាន់តែស្និទ្ធស្នាលជាងពេលណាៗទាំងអស់»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទូរស័ព្ទដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីសិង្ហបុរីផងដែរ ព្រមទាំងផ្ញើលិខិតអញ្ជើញផងដែរ ចំពោះប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ ដើម្បីលើកឡើងពីបញ្ហាកំពុងប្រឈមជាមួយនឹងកូរ៉េខាងជើង បានអញ្ជើញមេដឹកនាំទាំងបីរូបនេះ មកបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិកតែម្តង។
ការទូរស័ព្ទសន្ទនាគ្នាជាមួយនាយករដ្ឋមន្ត្រីថៃ ត្រូវបានរៀបចំឡើងនៅវេលាថ្ងៃអាទិត្យ ទី៣០ ខែមេសា (ពេលវេលានៅវ៉ាស៊ីនតោន) ត្រូវនឹងពេលវេលារំលងអាធ្រាតឈានចូលថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧ (ពេលវេលានៅទីក្រុងបាងកក)។ ទោះបីជាបែបនេះក្តី ខាងរដ្ឋាភិបាលថៃ និងសិង្ហបុរី ឬសូម្បីហ្វីលីពីន នៅមិនទាន់ធ្វើការបញ្ជាក់ថា តើដំណើរបំពេញទស្សនកិច្ចនោះ នឹងត្រូវធ្វើឡើងនាពេលណាច្បាស់ឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចសន្ទនានោះ លោក ប្រាយុទ្ធ និងលោក ត្រាំ សុទ្ធតែបានប្តេជ្ញាដូចគ្នា នៅក្នុងការរក្សាការពារឲ្យបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក្នុងនោះក៏មានការលើកឡើងពីការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាង ថៃ-អាមេរិក ផងដែរ។ ព័ត៌មានខាងលើនេះត្រូវបានផ្សព្វផ្សាយ ក្រោយសេតវិមានអាមេរិកបញ្ជាក់ព័ត៌មានពីការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ចំពោះប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ ឲ្យមកបំពេញទស្សនកិច្ចនៅអាមេរិក ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយបញ្ហាកូរ៉េខាងជើងជាចម្បង៕