(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃអង្គារនេះ បានទាមទារឲ្យធ្វើការបញ្ឈប់ប្រព័ន្ធការពារមីស៊ីលអាមេរិក THAAD ជាបន្ទាន់ នៅប៉ុន្មានម៉ោងក្រោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានបញ្ជាក់អះអាងថា ខែលការពារមីស៊ីលនេះ បានដំណើរការហើយនៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានលោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា «គោលជំហររបស់ចិនបានបង្ហាញយ៉ាងច្បាស់លាស់ និងដោយរឹងមាំ។ យើងជំទាស់ដាច់ខាតចំពោះការតំឡើងប្រព័ន្ធ THAAD នៅកូរ៉េខាងត្បូង និងសូមស្នើយ៉ាងទទូចជាថ្មីម្តងទៀត ដល់គ្រប់ភាគីដែលពាក់ព័ន្ធឲ្យបញ្ឈប់ការដាក់ពង្រាយនេះជាបន្ទាន់ ហើយយើងនឹងចាត់វិធានការចាំបាច់ផ្សេងៗ ដើម្បីថែរក្សាផលប្រយោជន៍ជាតិរបស់យើង»។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃដដែលនេះ កងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង (USFK) បានអះអាងថា «ប្រព័ន្ធមីស៊ីល THAAD កំពុងធ្វើប្រតិបត្តិការហើយ និងមានសមត្ថភាពពេញលេញ ក្នុងការស្ទាក់ចាប់មីស៊ីល និងការពារកូរ៉េខាងត្បូងពីការវាយប្រហារជាយថាហេតុណាមួយ ដោយកូរ៉េខាងជើង»។ ការប្រកាសបែបនេះធ្វើឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពី USFK បានតំឡើង THAAD នៅលើអតីតទីលានវាយកូនហ្គោលក្នុងទីក្រុង Seongju នៃខេត្ត Gyeongsang ខាងជើង ខណៈប្រជាជននៅក្នុងតំបន់ និងប្រទេសជិតខាងគឺរុស្ស៊ី និងចិន នៅតែប្រកាន់ជំហរជំទាស់ដដែល៕