(កាប៊ុល)៖ បន្ទាប់ពីបានទម្លាក់គ្រាប់បែកដ៏មានឥទ្ធិពល ទៅលើអ្នកប្រយុទ្ធក្រុម ISIS និងការតាមប្រមាញ់មេដឹកនាំជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធនេះ យោធាអាមេរិកកំពុងព្យាយាមបោសសម្អាតសាខា ក្រុមរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចេញឲ្យអស់ទាំងស្រុងតែម្តង នៅមុនពេលកម្លាំងជំនួយរបស់ពួកគេពីស៊ីរី និងអ៊ីរ៉ាក់មកដល់ទីនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
លោក Bill Salvin អ្នកនាំពាក្យយោធាអាមេរិក ប្រចាំនៅអាហ្វហ្គានីស្ថានបានឲ្យដឹងថា វត្តមានរបស់ក្រុម ISIS នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ធ្លាប់បានកើនដល់នៅចន្លោះពី ២,៥០០នាក់ទៅ ៣,០០០នាក់ ក៏ប៉ុន្តែកត្តារត់ចោលជួរ និងការបាត់បង់ជីវិតនៅក្នុងសមរភូមិប្រយុទ្ធនាពេលថ្មីៗនេះ បានកាត់បន្ថយចំនួនពួកគេ នៅសល់ច្រើនបំផុតត្រឹម ៨០០នាក់តែប៉ុណ្ណោះ។
លោក Salvin បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «យើងមានឱកាសល្អខ្លាំងណាស់ ដើម្បីកម្ចាត់ពួកគេទាំងស្រុង នៅក្នុងឆ្នាំ២០១៧នេះតែម្តង ដើម្បីបញ្ជាក់ជាសញ្ញាយ៉ាងច្បាស់ថា នៅពេលដែលក្រុមសកម្មប្រយុទ្ធ ISIS ដែលត្រូវគេបោសសម្អាតនៅកន្លែងផ្សេងៗទៀតទូទាំងពិភពលោកនោះ ទីនេះពុំមែនជាកន្លែងសម្រាប់ពួកគេរត់ភៀសខ្លួនមកធ្វើការជ្រកកោណ ដើម្បីរៀបចំគម្រោងវាយប្រហារណាមួយបានឡើយ»។
គួរបញ្ជាក់ថា សម្ព័ន្ធក្រុម ISIS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកកើតឡើងកាលពីឆ្នាំ២០១៥ ហើយពួកគេបានកាន់កាប់គ្រប់គ្រងតាមផ្នែកធំៗជាច្រើននៃខេត្ត Nangarhar និង Kunar នៅក្បែរព្រំដែនភាគខាងកើតជាប់ប្រទេសប៉ាគីស្ថាន៕