(អាមេរិក)៖ មុនអង្គការ NASA ធ្វើការច្នៃ និងផលិតឡើងនូវកែវយឺតអវកាសដ៏ធំមហិមាជំនាន់ថ្មី មានឈ្មោះថា WFIRST ទីភ្នាក់ងារនេះត្រូវការបញ្ជូនគំរោងរបស់ខ្លួន ទៅកាន់ក្រុមអ្នកត្រួតពិនិត្យឯករាជ្យជាមុនសិន ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃអំពើវា។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានអវកាស Space នារសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
កែវយឺតអវកាសដែលគ្រោងនឹងផលិតខាងលើនេះ នឹងមានទំហំចាប់រូបភាព ១០០ដង ធំជាងគេកែវយឺតអវកាស Hubble ដោយអ្នកវិទ្យាសាស្ត្រប្រើប្រាស់វា ដើម្បីធ្វើការសិក្សាអំពីបញ្ហាជាច្រើននៅក្នុងចក្រវាឡ ដូចទៅនឹងបេសកកម្មរបស់ Hubble ដែរ ប៉ុន្តែនឹងត្រូវបំពាក់សមត្ថភាពបន្ថែមទៀត នោះគឺការស្វែងរកអំពីកម្លាំងដ៏អាថ៌កំបាំង ដែលជួយជម្រុញឲ្យចក្រវាឡពង្រីកខ្លួនបាន។ WFIRST ត្រូវបានរៀបចំគំរោងរួចរាល់ដោយទីភ្នាក់ងារអវកាស NASA កាលពីឆ្នាំ២០១៦។
លោក Thomas Zurbuchen ប្រធានរដ្ឋាភិបាលសម្រាប់រៀបចំ បេសកកម្មវិទ្យាសាស្ត្ររបស់ NASA បានលើកឡើងយ៉ាងដូច្នេះថា «ការអភិវឌ្ឍបេសកកម្មធំៗ នៅទីអវកាសពិតជារឿងលំបាកណាស់។ នេះជាពេលវេលាដ៏ត្រឹមត្រូវ ដែលយើងត្រូវដាក់គំរោងនេះទៅឲ្យក្រុមឯករាជ្យត្រួតពិនិត្យ ដើម្បីឲ្យវាប្រាកដច្បាស់ថា យើងនឹងអំពីពេលវេលាដែលត្រូវផលិតវា ហើយនឹងតម្លៃដែលនឹងត្រូវចំណាយផងដែរ»។
គួរបញ្ជាក់ថា WFIRST នឹងជាក្លាយជាកែវយឺតអវកាសធំបំផុត ក្នុងចំណោមកែវយឺតអវកាសនានារបស់ NASA ដូចជា Hubble, Chandra, Spitzer និង James Webb ផងដែរ ដែលពីដំបូងឡើយវាគ្រោងសាងសង់នៅឆ្នាំ២០១៨។ វានឹងមានសមត្ថភាពថតយកពន្លឺ infrared ដែលមានរលកសំឡេង វែងជាងពន្លឺអុបទិក ដែលភ្នែកមនុស្សមិនអាចមើលឃើញឡើយ។ វានឹងធ្វើការសិក្សាអំពីវត្ថុឆ្ងាយៗ ដែលចល័តចេញបន្តិចម្តងៗ ឆ្ងាយពីភពផែនដី នៅពេលដែលចក្រវាឡពង្រីកខ្លួន៕