(តូក្យូ)៖ យន្ដហោះឈ្លបយកការណ៍ និងគ្មានមនុស្សជិះ Global Hawk របស់សហរដ្ឋអាមេរិក បានមកដល់មូលដ្ឋានទ័ពអាកាស អាមេរិក Yokota ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃចន្ទ ហើយអាចនឹងស្ថិតនៅមូលដ្ឋានមួយនេះរហូតដល់ខែតុលា ដើម្បីឃ្លាំមើលសកម្មភាពកូរ៉េខាងជើង។ នេះបើតាមស្ថានីយ៍ទូរទស្សន៍ជប៉ុន NHK ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
យោងតាម NHK យន្ដហោះអាមេរិកគ្មានមនុស្សបើកជាច្រើនគ្រឿង ក៏ត្រូវបានដាក់ពង្រាយ នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក Misawa នៃភាគខាងជើង ខេត្ត Aomori ផងដែរ ខណៈយន្ដហោះ Global Hawk បួនគ្រឿងផ្សេងទៀត អាចនឹងមកដល់មូលដ្ឋានទ័ពអាកាស Yokota នាពេលដ៏ខ្លីខាងមុខនេះ។ ដោយឡែកប្រឈមមុខនឹងការគំរាមកំហែងពីកូរ៉េខាងជើង ទីក្រុងវ៉ាស៊ីនតោន ក៏បានដាក់ពង្រាយនាវាមុជទឹក និងនាវាផ្ទុកយន្តហោះ USS Carl Vinson នៅក្បែរតំបន់ដែនទឹកឧបទ្វីបកូរ៉េ ព្រមទាំងចល័តយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ទៅកាន់កូរ៉េខាងត្បូងផងដែរ ដែលសកម្មភាពទាំងនេះ ត្រូវបានទីក្រុងព្យុងយ៉ាង ចាត់ទុកថា ជាការត្រៀមឈ្លានពាន និងរុញច្រានឱ្យឧបទ្វីបកូរ៉េធ្លាក់ចូលក្នុងសង្រ្គាមនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ កើតឡើងបន្ទាប់ពីកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល ជាបន្តបន្ទាប់រហូតដល់ទីក្រុងវ៉ាស៊ីនតោន គំរាមវាយប្រហារដោយប្រើកម្លាំងយោធា។ ទោះបីជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែជ្រើសរើសការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងរបបដឹកនាំលោក គីម ជុងអ៊ុន ក៏ដូចជាជំរុញឱ្យចិនជួយនៅក្នុងសំណុំរឿងនេះ៕