(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងមិនមែនមានអាវុធនុយក្លេអ៊ែរ តែមួយមុខនោះទេ ប៉ុន្តែប្រទេសកុម្មុយនីស្ដមួយនេះ ក៏មានអាវុធផ្សេងទៀត ដែលអាចវាយ ប្រហារលើកងទ័ពអាមេរិកកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង និងជប៉ុនផងដែរ ដែលនេះហើយ ជាហេតុផលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន រារែកចិត្តក្នុងការប្រើប្រាស់កម្លាំងយោធា លើទីក្រុងព្យុងយ៉ាង។ នេះបើតាមលោក Brian Becker នាយកចលនាប្រឆាំងសង្រ្គាម ANSWER មានមូលដ្ឋាននៅរដ្ឋកាលីហ្វរញ៉ា ដកស្រង់ដោយសារព័ត៌មាន Russian Taday នៅរសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
ការលើកឡើងរបស់លោក Brian Becker ធ្វើឡើងដើម្បីជាការឆ្លើយតបនឹង ព្រឹទ្ធសមាជិក មកពីគណបក្សសាធារណរដ្ឋ លោក John McCain បាននិយាយថា កូនសោរដោះស្រាយវិបត្តិនៅលើឧបទ្វីបកូរ៉េ គឺចិន។ ជុំវិញបញ្ហានេះដែរ លោក Brian Becker កត់សម្គាល់ថា លោក McCain មើលឃើញថា ការដោះស្រាយជាមួយកូរ៉េខាងជើង គឺផ្ទុយគ្នាស្រឡះទៅនឹងអ្វីដែលសហរដ្ឋអាមេរិក ធ្លាប់បានធ្វើនៅអ៊ីរ៉ាក់ លីប៊ី ឬក៏អាហ្វហ្គានីស្ថាន។
លោក Becker បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា លោក John McCain យល់យ៉ាងច្បាស់ថា ដោះស្រាយនឹងទីក្រុងព្យុងយ៉ាង មិនអាចប្រើប្រាស់កម្លាំងយោធានោះទេ ពីព្រោះកូរ៉េខាងជើង ខុសគ្នាស្រឡះពីអ៊ីរ៉ាក់ ឬក៏លីប៊ី។ ម្យ៉ាងវិញទៀតមន្ត្រីជាន់ខ្ពស់ នៃអតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក George W Bush បានប្រាប់ខ្ញុំថា សហរដ្ឋអាមេរិកឈ្លានពានអ៊ីរ៉ាក់ ដោយសារតែវាងាយស្រួលវាយដណ្ដើមយក។ ក៏ប៉ុន្តែជាមួយកូរ៉េខាងជើង មើលទៅមិនអាចទៅរួចឡើយ ត្បិតទីក្រុងព្យុងយ៉ាង មិនមែនមានអាវុធនុយក្លេអ៊ែរតែមួយមុខនោះទេ ពោលគឺរបបលោក គីម ជុងអ៊ុន ក៏មានអាវុធផ្សេងទៀត ដែលអាចវាយប្រហារលើកងទ័ព អាមេរិកកំពុងឈរជើងនៅកូរ៉េខាងត្បូង និងជប៉ុនថែមទៀតផង»។
គួរបញ្ជាក់ថា បើតាមសម្តីលោក Brian Becker ការដែលសហរដ្ឋអាមេរិកបាញ់មីស៊ីលស្រោច លើមូលដ្ឋានទ័ពស៊ីរី និងទម្លាក់មហាកំពូលគ្រាប់បែក (Mother of all bomb) លើក្រុម ISIS នៅអាហ្វហ្គានីស្ថាន គ្រាន់តែដើម្បីបន្លាចកូរ៉េខាងជើងប៉ុណ្ណោះ។ កាលពីសម័យសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ប្រជាជនកូរ៉េជាង0៥លាននាក់បានស្លាប់ តែក៏មិនអាច ធ្វើឱ្យកូរ៉េខាងជើង បាក់ស្បាតបាននោះដែរ ហើយបើទោះជាទីក្រុងវ៉ាស៊ីនតោន ប្រើកម្លាំងយោធាលើកូរ៉េខាងជើងមែន យើងសូមសួរថា តើចិនអាចឈរអោបដៃមើលសង្រ្គាមផ្ទុះឡើង នៅក្បែររបងផ្ទះខ្លួនឯងដែរឬទេ? ខណៈចម្លើយនៃសំណួរនេះ ចិនបានឆ្លើយម្ដងរួចមកហើយនៅក្នុងសង្រ្គាមកូរ៉េ៕