(វ៉ាស៊ីនតោន)៖ សេតវិមាននៅថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បានប្រកាសថា ជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំវ័យក្មេងកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាមិនអាចកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនោះឡើយ ផ្អែកលើអាកប្បកិរិយារបស់ទីក្រុងព្យុងយ៉ាងបច្ចុប្បន្ន បើទោះបីជាលោក តាំ្រ និយាយថា ជំនួបអាចធ្វើទៅរួចក៏ដោយ។ នេះបើតាមអ្នកនាំពាក្យសេតវិមាន លោក សន ស្ពៃសឺ ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន សិនហួ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លី លោក សន ស្ពៃសឺ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមើលមិនឃើញនោះឡើយថា ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងអាចកើតឡើងក្នុងពេលឆាប់ៗនេះ ដោយសារតែអាកប្បកិរិយាបង្ករឿងរបស់កូរ៉េខាងជើង ក្នុងពេលបច្ចុប្បន្ន ពោលគឺនិយាយឱ្យចំជំនួបនេះអាចធ្វើឡើងទៅបាន គឺអាស្រ័យទៅលើឥរិយាបទទីក្រុងព្យុងយ៉ាងតែម្ដង»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានបង្ហាញពីចេតនាចង់ជួបជាមួយលោក គីម ជុងអ៊ុន ក្រោមស្ថានភាពសាកសមណាមួយ។ «បើសិនជាពេលវេលាសាកសម ដើម្បីឱ្យខ្ញុំជួបគាត់ (លោក គីម ជុងអ៊ុន) ខ្ញុំនឹងធ្វើវា»។ នេះបើតាមសម្តីលោក ដូណាល់ ត្រាំ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg។ ប៉ុន្តែវាអាចគ្រាន់តែជាការនិយាយចោល ដូចដែលលោកធ្លាប់បានធ្វើកាលពីអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតថា លោកចង់អង្គុយតុញុំាអាហារផ្ទាល់ជាមួយលោក គីម ជុងអ៊ុន និងពិភាក្សាបញ្ហាទូទៅយ៉ាងដូច្នោះឯង៕