(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងតែរុញច្រានឧបទ្វីបកូរ៉េឲ្យធ្លាក់មាត់ជ្រោះនៃភ្លើងសង្រ្គាម បន្ទាប់ពីយន្តហោះចម្បាំងទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត ដ៏មានអនុភាពចំនួនពីរគ្រឿងរបស់សហរដ្ឋអាមេរិក បានចល័តនៅលើតំបន់នេះនៅក្នុងសមយុទ្ធ ជាមួយកងទ័ពជើងអាកាសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer ត្រូវបានបញ្ជូនមកចូលរួមសមយុទ្ធផ្លូវអាកាស នៅក្នុងកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទម្សិលមិញនេះ ស្របពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងលោកបើកចំហចំពោះជំនួបមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកាលៈទេសៈដ៏សមស្របមួយ ទោះបីជាទីក្រុងព្យុងយ៉ាងបានបង្ហាញជំហរថា នឹងនៅតែបន្តអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្នុងល្បឿនលឿនពេញលេញតែម្តងយ៉ាងណាក្តី។
ជុំវិញបញ្ហានេះទីភ្នាក់ងារព័ត៌រដ្ឋកូរ៉េខាងជើង KCNA បានអះអាងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិកទាំងពីរគ្រឿង បានធ្វើការហ្វឹកហាត់ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរប្រឆាំងនឹងគោលដៅសំខាន់ៗ នៅក្នុងទឹកដីរបស់ខ្លួន ហើយសកម្មភាពយោធាបង្កហេតុយ៉ាងធ្វេសប្រហែសបែបនេះ កំពុងតែរុញច្រានស្ថានការណ៍នៅក្នុងតំបន់ឧបទ្វីបកូរ៉េ ឲ្យខិតកាន់ជិតមាត់ជ្រោះនៃភ្លើងសង្រ្គាម។
គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ បានកើនឡើងកម្តៅយ៉ាងខ្លាំងក្លា អស់រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយវាបានបណ្តាលមកពីក្តីព្រួយបារម្ភដែលថា កូរ៉េខាងជើងប្រហែលជាអាចធ្វើការសាកល្បង បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦របស់ខ្លួន នៅក្នុងប្រឆាំងរឹងរូសចំពោះការដាក់សម្ពាធ ពីសំណាក់សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធដ៏សំខាន់តែមួយគត់របស់ទីក្រុងព្យុងយ៉ាងគឺប្រទេសចិន៕