ប្រធានាធិបតីវេណេស៊ុយអេឡា «ទាមទារឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ» ខណៈការតវ៉ាទាមទារលោកចុះចេញពីអំណាច បង្កឲ្យមនុស្សស្លាប់កើនដល់ ២៩នាក់!
02-05-2017 10:23
(ការ៉ាកាស)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានអំពាវនាវឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីមួយ ខណៈការតវ៉ាទាមទារឱ្យលោកចុះចេញពីតំណែងបានឈានចូលដល់ ខែទី០២ហើយ។ រីឯក្រុមអ្នកជំនាញបានមើលឃើញថា វាគឺជាលែសរារាំងដល់ការរៀបចំការបោះឆ្នោត ថ្នាក់តំបន់ និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័តមាន Washington Post នៅព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
ការទាមទារធ្វើវិសោធនកម្មរដ្ឋមធម្មនុញ្ញ របស់លោក ម៉ាឌូរ៉ូ ធ្វើឡើងបន្ទាប់ពីក្រុមបាតុកររាប់ពាន់នាក់ នៅតែបន្តធ្វើបាតុកម្មតវ៉ាទាមទារ ឱ្យលោកចុះចេញពីតំណែង។ លោក ម៉ាឌូរ៉ូ ក៏បានអះអាងដែរថា វេណេស៊ុយអេឡា គួរតែមានសភាប្រជាជន និងរដ្ឋធម្មនុញ្ញថ្មីមួយ ដើម្បីស្ដារឡើងវិញនូវសន្តិភាព ក៏ដូចជាទប់ស្កាត់ការធ្វើរដ្ឋប្រហារ។ ក៏ប៉ុន្តែក្រុមគណបក្សប្រឆាំង ដែលគ្រប់គ្រងសភាជាតិ បានច្រានចោលសំណើរនេះ និងចោទថា ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ មានចេតនាបំផ្លាញបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញបច្ចុប្បន្ន សំដៅពង្រឹងអំណាចខ្លួនឯង។
ជាងនេះទៅទៀត ក្រុមអ្នកជំនាញមួយចំនួនដូចជា លោក Luis Vicente Leon យល់ថា ការទាមទារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ របស់លោក ម៉ាឌូរ៉ូ គ្រាន់តែជាលែសរារាំងដល់ការរៀប ចំការបោះឆ្នោតថ្នាក់តំបន់នៅក្នុងឆ្នាំ២០១៧នេះ និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០១៨ តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា គិតត្រឹមខែមេសាកន្លងទៅ មនុស្ស២៩នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សារវាងអាជ្ញាធរ និងក្រុមបាតុករដែលធ្វើបាតុកម្មទាមទារឱ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែង ចំពេលប្រទេសនៅក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ កំពុងញាំញីនឹងវិបត្តិសេដ្ឋកិច្ច និងប្រឈមមុខនឹងការក្ស័យធន៕