(សេអ៊ូល)៖ យន្តហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្រ្ត ដ៏មានអានុភាពចំនួនពីរគ្រឿង របស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះបានធ្វើសមយុទ្ធយោធាផ្លូវអាកាស ជាមួយក្រុមយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង នៅចំពោះមុខភាពតានតឹង ដែលកំពុងតែបន្តកើនឡើងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
យោងតាមប្រភពពីមន្រ្តីយោធាកូរ៉េខាងត្បូងម្នាក់ ក្រោមលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះឲ្យដឹងថា យន្តហោះទម្លាក់ B-1B Lancer ចំនួនពីរគ្រឿង បានអនុវត្តន៍ការហ្វឹកហាត់តាមផ្លូវអាកាស នៅលើតំបន់ឧបទ្វីបកូរ៉េអស់រយៈពេលចន្លោះពី ០២ទៅ០៣ម៉ោង បន្ទាប់ពីពួកវាបានចាកចេញពីមូលដ្ឋានទ័ពអាកាសអាមេរិក Anderson ស្ថិតនៅលើកោះហ្គាំ និងបានមកដល់ដែនទឹកភាគខាងកើតប្រទេសកូរ៉េខាងត្បូង នាវេលារសៀលថ្ងៃចន្ទ។
គួរបញ្ជាក់ដែរថា នាពេលនេះក្រុមនាវាដឹកយន្តហោះចម្បាំង USS Carl Vinson និងនាវាមុជទឹក USS Michigan របស់សហរដ្ឋអាមេរិក ក៏កំពុងតែចល័តនៅក្នុងដែនទឹកក្បែរឧបទ្វីបកូរ៉េ ដើម្បីបង្ហាញឥទ្ធិពលយោធាដាក់កូរ៉េខាងជើងផងដែរ ស្របពេលដែលរបបដឹកនាំទីក្រុងព្យុងយ៉ាងបានព្រមានបាញ់ពន្លិចនាវាទាំងនោះចោល៕