(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើការជជែកពិភាក្សាតាមប្រព័ន្ធទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ហើយនេះគឺជាការនិយាយទូរស័ព្ទទាក់ទងគ្នាលើកដំបូង គិតចាប់តាំងពីទីក្រុងម៉ូស្គូបានថ្កោសទោស ការវាយប្រហារដោយគ្រាប់មីស៊ីលចំនួន ៥៩គ្រាប់របស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងទៅលើប្រទេសស៊ីរីកាលពីខែមេសាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
យោងតាមមន្រ្តីប្រចាំនៅសេតវិមាន លោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន នឹងជជែកគ្នានាវេលារសៀលនៅក្នុងការពិភាក្សាគ្នាតាមទូរស័ព្ទលើកទីបីរវាងមេដឹកនាំទាំងពីរ គិតចាប់តាំងពីលោក ត្រាំ បានឡើងកាន់អំណាចមក។ ការនិយាយទូរស័ព្ទលើកចុងក្រោយបំផុតរបស់លោក ត្រាំ នឹងលោក ពូទីន ត្រូវបានធ្វើឡើងបន្ទាប់ពីមានករណីវាយប្រហារ ដោយភេរវកម្មនៅក្នុងទីក្រុង St. Petersburg នៃប្រទេសរុស្ស៊ី កាលពីអំឡុងដើមខែមេសា ហើយលោកទាំងពីរក៏បាននិយាយសំណេះសំណាលគ្នា នៅមួយសប្តាហ៍ក្រោយពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ កាលពីខែមករាផងដែរ។
គួរបញ្ជាក់ថា សេចក្តីប្រកាសអំពីការពិភាក្សាគ្នាតាមទូរស័ព្ទសាជាថ្មីម្តងទៀតនេះ ត្រូវបានធ្វើឡើង នៅក្រោយពេលដែលលោក វ៉្លាឌីមៀ ពូទីន បានចាត់ទុកការវាយប្រហាររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសរបស់រដ្ឋាភិបាលស៊ីរីថា ជាការឈ្លានពានលើអធិបតេយ្យរដ្ឋ ដែលបំពានលើច្បាប់អន្តរជាតិ៕