(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកជាថ្មីម្ដងទៀត បានព្រមានដល់ប្រជាជនអាមេរិកទំាងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរ ទៅកាន់បណ្ដាប្រទេសអឺរ៉ុប ដោយសារតែការគំរាមកំហែងវាយប្រហារភេរវកម្ម នៅតែបន្តកើតមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីព្រមានរបស់ខ្លួន ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ដូច្នេះថា «ប្រជាជនអាមេរិកទំាងអស់គួរតែមានការប្រុងប្រយ័ត្នខ្ពស់ នៅពេល ធ្វើដំណើរទៅអឺរ៉ុប បន្ទាប់ពីមានការវាយប្រហារភេរវកម្មនៅបារាំង រុស្ស៊ី ស៊ុយអែត និងអង់គ្លេស នៅក្នុងបរិបទដែលក្រុម ISIS និងក្រុមអាល់កៃដា អាចនឹងរៀបចំផែនការ ព្រមទាំងអនុវត្តន៍ការវាយប្រហារដោយភេរវកម្មជាថ្មីនៅអឺរ៉ុប»។
គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកមិនបញ្ជាក់លម្អិតនោះទេពីហានិភ័យជាក់លាក់ ពាក់ព័ន្ធនឹងការវាយប្រហារដោយអំពើភេរវកម្ម ដោយគ្រាន់តែបានព្រមានថា មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ សណ្ឋាគារ ក្លឹបកម្សាន្ត ភោជនីយដ្ឋាន អាកាសយានដ្ឋាន និងទីប្រជុំជនជាច្រើនក្នុងបណ្ដាប្រទេសអឺរ៉ុប អាចនឹងក្លាយជា គោលដៅនៃការវាយប្រហារដោយភេរវកម្មរបស់ពួកភេរវករ៕