(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានលើកឡើងថា លោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រសិនបើស្ថានភាពអំណោយផល។ «ប្រសិនបើវាសាកសមសម្រាប់ខ្ញុំ ក្នុងការជួបជាមួយលោក គីមនោះ ខ្ញុំច្បាស់ជាជួបជាមិនខាន ខ្ញុំពិតជាមានកិត្តិយសក្នុងការធ្វើបែបនេះ» នេះជាការលើកឡើងរបស់លោក ត្រាំ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg News។
ការលើកឡើងបាននេះ ត្រូវបានធ្វើឡើង ខណៈដែលមានក្តីបារម្ភកំពុងកើតមានឡើង នៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងតំបន់ទាក់ទង នឹងការគំរាមកំហែងនៃកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង បន្ទាប់ពីភាពបរាជ័យក្នុងការបាញ់សាកល្បងមីស៊ីលក្នុងពេលថ្មីៗនេះ។
ភាពតានតឹងបានកើតមានឡើង ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្របពេលដែលភ្នាក់ងារអាមេរិក និងបណ្តាប្រទេសផ្សេងទៀតបានរកឃើញថា ប្រទេស កុម្មុយនីសកូរ៉េ បានត្រៀមជាស្រេចក្នុងការបាញ់សាកល្បងនុយក្លេអ៊ែរជាថ្មីទៀត។
សូមជំរាបថា ដោយសារតែភាពតានតឹងផ្នែកសន្តិសុខ សហរដ្ឋអាមេរិកបានបញ្ជូនក្រុមនាវាដឹកយន្តហោះចម្បាំង USS Carl Vinson ដើរដោយថាមពលនុយក្លេអ៊ែរ រួមទាំងនាវាមុជទឹក USS Michigan ដែលបំពាក់ដោយគ្រាប់មីស៊ីលប្រដេញ និងដើរដោយថាមពលនុយក្លេអ៊ែរមកកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ។ ប៉ុន្តែទោះបីជាភាពតានតឹងនៅក្នុងតំបន់ មានការកើនឡើងឥតឈប់ឈរយ៉ាងណាក្តី ក៏កូរ៉េខាងជើង នៅតែមិនព្រមបង្ហាញភាពចុះញ៉មអ្វីបន្តិចនោះឡើយ ដោយនាថ្ងៃចន្ទនេះប្រទេសកុម្មុយនិស្តមួយនេះ បានប្តេជ្ញាថា នឹងបន្តបង្កើនអានុភាពនៃអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងសន្ទុះយ៉ាងលឿនពេញទំហឹងតែម្តង៕