(ប៉ារីស)៖ ក្រុមបាតុកររាប់ពាន់នាក់ មកពីសហជីពបារាំងជាច្រើន នៅថ្ងៃចន្ទនេះ បានប្រមូលផ្ដុំគ្នាធ្វើបាតុកកម្មតវ៉ា ក្នុងទីក្រុងប៉ារីស នាឱកាសនៃ ទិវាពលកម្មអន្តរជាតិ ដើម្បីសម្ដែងការជំទាស់របស់ពួកគេ ទៅនឹងបេក្ខភាពប្រធានាធិបតីបារាំងទំាងពីររូប រហូតដល់មានអ្នកខ្លះស្រែកទាមទារឱ្យ ប្រជាជនបារាំង កុំទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី ជុំទី០២ទៀតផង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងក្បួនតវ៉ានោះដែរ ក្រុមបាតុករបាននាំគ្នាស្រែកថា «គ្មានលោកស្រី Le Pen! គ្មានលោក Macron!» ហើយដំបូងឡើយ បាតុកម្មនេះធ្វើឡើង ដោយសន្តិវិធីប៉ុណ្ណោះ។ ក៏ប៉ុន្តែក្រោយមក អំពើហិង្សាបានផ្ទុះឡើង បន្ទាប់ពីក្រុមបាតុករមួយចំនួន ពាក់ម៉ាស់បិទមុខ បានគប់ផាវផ្ទុះ និងចោលដបសាំង ទៅលើ ប៉ូលិសជាហេតុបង្ខំឱ្យអាជ្ញាធរប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក បំបែកហ្វូងបាតុករទំាងនេះ។ នេះបើតាមអាជ្ញាធរបារាំង។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានេះ រៀបចំឡើងដោយក្រុមសហជីពបារាំង ដូចជា CGT, FO, FSU ក្នុងគោលបំណងប្រឆាំងជំទាស់នឹងបេក្ខភាពប្រធានាធិបតីបារាំង លោកស្រី Marine Le Pen និងលោក Emmanuel Macron ដែលនឹងត្រូវចូលប្រកួតជុំទី០២ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី បារាំងជុំទី០២ នៅថ្ងៃទី០៧ ខែឧសភា សប្ដាហ៍នេះ។ ដោយឡែក បើតាម ព័ត៌មានបឋម មនុស្ស០៤នាក់ ត្រូវបានចាប់ខ្លួន រីឯប៉ូលិស០៣នាក់បានរងរបួស៕