(បាងកក)៖ ដំណើរយ៉ាងតិច ២៧នាក់បានទទួលរងរបួសយ៉ាងដំណំ នៅក្នុងអំឡុងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot នៃប្រទេសរុស្ស៊ី ដែលធ្វើដំណើរពីទីក្រុងម៉ូស្គូឆ្ពោះទៅកាន់ទីក្រុងបាងកកប្រទេសថៃ នាថ្ងៃចន្ទនេះ នៅពេលដែលយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 777 របស់ពួកគេ បានជួបប្រទះនឹងកម្លាំងខ្យល់កួចកន្ត្រាក់មួយមុនពេលចុះចត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។
ស្ថានទូតរុស្ស៊ីប្រចាំនៅក្នុងប្រទេសថៃបានសេចក្តីថ្លែងការណ៍ថា នៅក្នុងចំណោមអ្នករងរបួសមាន ២៤នាក់ ជាជនជាតិរុស្ស៊ី ហើយមនុស្ស ១៥នាក់នៅក្នុងចំណោមពួកគេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងបាងកក ជាបន្ទាន់ដើម្បីទទួលការព្យាបាល ខណៈអ្នកដំណើររងគ្រោះបីនាក់ផ្សេងគឺមកពីប្រទេសថៃ។
យោងតាមការអះអាងរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot នៅមុននេះ អ្នកដំណើរមួយចំនួនបានទទួលរងរបួស នៅអំឡុងការប៉ះទង្គិចជាមួយកម្លាំងខ្យល់កន្រ្តាក់ដ៏មានឥទ្ធិពលមួយ នៅ៤០នាទីមុនពេលធ្វើការចុះចត នៅក្នុងរាជធានីបាងកក។ ជុំវិញហេតុការណ៍នេះ ក្រុមអ្នកបម្រើការលើយន្តហោះ មិនអាចជូនដំណឹងដល់អ្នកដំណើរឲ្យជ្រាបបានជាមុន ពីព្រោះតែវាកើតឡើងនៅចំកន្លែងមានផ្ទៃមេឃយ៉ាងស្រឡះតែម្តង ហើយគ្មាននរណាម្នាក់រំពឹងទុកថានឹងកើតឡើងនោះឡើយ។
គួរបញ្ជាក់ថា អ្នកដំណើរបានដែលបានទទួលរងរបួសទាំងអស់ ភាគច្រើនគឺបានបាក់ឆ្អឹងហើយ និងជាំខ្លួន។ មូលហេតុនៅពីក្រោយការរងរបួសទាំងនេះ គឺអ្នកដំណើរខ្លះពុំបានដាក់ខ្សែក្រវ៉ាត់ការពារ៕