(ប៉ារីស)៖ បេក្ខជនប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា សហភាពអឺរ៉ុប EU ត្រូវតែធ្វើកំណែទម្រង់ ឬក៏ចង់ប្រឈមមុខនឹងការបោះឆ្នោតប្រជាមតិ ឱ្យបារាំងចាកចេញពី EU (Frexit) តាមការចង់បានរបស់លោកស្រី Marine Le Pen បេក្ខជនប្រធានាធិបតីស្ដាំនិយមជ្រុល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក Macron ធ្វើឡើងនៅក្នុងឱកាសដែលលោក និងគូប្រជែងគឺលោកស្រី Marine Le Pen បានចូលរួមនៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតរៀងៗខ្លួន កាលពីសប្ដាហ៍មុន។ អ្នកនយោបាយនិយមកណ្ដាលគំាទ្រអឺរ៉ុបរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគឺជាអ្នកគាំទ្រអឺរ៉ុប ខ្ញុំបានការពារជានិច្ចនូវគោលគំនិត និងនយោបាយរបស់អឺរ៉ុបពីព្រោះខ្ញុំជឿជាក់ថា វាគឺជារឿងដ៏សំខាន់បំផុតសម្រាប់ប្រជាជនបារាំង និងសម្រាប់តួនាទីប្រទេសរបស់យើងនៅក្នុងសកលភាវូបនីយកម្ម (...) ប៉ុន្តែទន្ទឹមគ្នានោះដែរ យើងកំពុងប្រឈមមុខនឹងស្ថានភាពធ្វើតាមមតិប្រជាជនរបស់យើង និងភាពមិនប្រក្រតីមួយចំនួននៃសហភាពអឺរ៉ុប (...) ហើយខ្ញុំមិនចង់ឱ្យ EU ដំណើរការដូចបច្ចុប្បន្ននេះទេ ត្បិតវាអាចនឹងនាំឱ្យមាន Frexit ឬក៏មានលោកស្រី Marine Le Pen នៃគណបក្សរណសិរ្សជាតិ (FN)»។
គួរបញ្ជាក់ថា ប្រជាជនបារាំងនឹងត្រូវសម្រេចជាថ្មីម្ដងទៀត រវាងលោក Emmanuel Macron និងលោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី០២ នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ចុងសប្ដាហ៍នេះ ហើយបើតាមការស្ទង់មតិចុងក្រោយ លោក Macron អាចនឹងឈ្នះឆ្នោតជាប្រធានាធិបតីបារាំង ដោយទទួលបានសំឡេងគាំទ្រ ៦០ភាគរយទល់នឹង ៤០ភាគរយរបស់លោកស្រី Le Pen។ ក៏ប៉ុន្តែគេមិនអាចមើលរំលងបានឡើយ ចំពោះគោលនយោបាយរបស់លោកស្រី Le Pen ដែលចាក់ចំជម្រៅចិត្តប្រជាជនបារាំងដូចជា វិបត្តិជនភៀសខ្លួន និងភេរវកម្មជាដើម៕