(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានព្រមានថា ហានិភ័យដែលបង្កឡើងមាត់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាការគំរាមកំហែងមួយដល់សម្ព័ន្ធភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ខណៈភាពតានតឹងនៃមហិច្ឆិតានុយក្លេអ៊ែរកូរ៉េខាងជើង កើនឡើងកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។
សម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ត្រូវបានតភ្ជាប់ជាចម្បងដោយសារតែកិច្ចព្រមព្រៀងការពារ ជាមួយការដាក់ពង្រាយកងទ័ពអាមេរិកជាង ២៨,៥០០នាក់ ឱ្យឈរជើងនៅកូរ៉េខាងត្បូង។ ក៏ប៉ុន្តែនាពេលថ្មីៗនេះ ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានទាស់សម្ដីគ្នាបន្តិចបន្ដួចបន្ទាប់ពី លោក ដូណាល់ ត្រាំ បានទាមទារឱ្យទីក្រុងសេអ៊ូល បង់ប្រាក់មួយពាន់លានដុល្លារ សម្រាប់ការតំឡើងប្រព័ន្ធខែលការពារមីស៊ីល THAAD។
ដោយឡែកជុំវិញបញ្ហានេះដែរ សារព័ត៌មានកូរ៉េខាងត្បូង Chosun daily បានចុះផ្សាយនៅលើទំព័រមុខដូច្នេះថា «មាត់របស់លោក ត្រាំ អាចធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង (...) មានបញ្ហាជាច្រើនសំខាន់ជាងលុយទៅទៀត ហើយបើសិនជាប្រទេសមួយសម្រេចចិត្តកាត់បន្ថយសម្ព័ន្ធភាព ដោយសារតែបញ្ហាលុយ ឬសេដ្ឋកិច្ច នោះវាអាចនឹងបំផ្លាញដល់មូលដ្ឋាននៃការជឿទុកចិត្តគ្នា»។
គួរបញ្ជាក់ថា មន្ត្រីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថា លោក McMaster បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកចំណាយលុយលើការតំឡើង THAAD។ ក៏ប៉ុន្តែកាលពីថ្ងៃអាទិត្យ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបែរជាបដិសេធថា លោកមិនបាននិយាយផ្ទុយពី ប្រធានាធិបតីអាមេរិកនោះទេ ហើយថា លក្ខខណ្ឌដាក់ពង្រាយ THAAD អាចនឹងត្រូវចរចារឡើងវិញ៕