(បរទេស)៖ មួយរយៈចុងក្រោយនេះ សាធារណជនមានការចាប់អារម្មណ៍ខ្លាំង ទៅលើទីអវសានដែលជិតមកដល់របស់យានអវកាស Cassini នៅភពសៅរ៍ ប៉ុន្តែដើម្បីឲ្យការចាប់អារម្មណ៍កាន់តែខ្លាំងជាងនេះ ទីភ្នាក់ងារអវកាស NASA បានបញ្ចេញរូបភាពដ៏អស្ចារ្យមួយសន្លឹក ថតដោយកែវយឺតអវកាស Hubble និងត្រូវបានគេអះអាងថា ជារូបភាពល្អបំផុតប្រចាំទសវត្សរ៍តែម្តង។ នេះបើតាមការចេញផ្សាយ ដោយវែបសាយអវកាស BGR នារសៀលថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។
រូបថតមួយសន្លឹក ដែលគេឃើញនោះគឺជាកាឡាក់ស៊ី NGC7250 ដែលជាបណ្តុំនៃផ្កាយតូចធំរាប់ពាន់លាន ហើយក៏មានបន្ទុះសូពើណូវ៉ា ទើបតែកើតឡើងនៅទីនោះផងដែរ ដោយវាមានចម្ងាយ ៤៥លានឆ្នាំពន្លឺពីយើង។ ដូច្នេះយើងមិនអាចចាប់អារម្មណ៍ថាមានវា ឬក៏ចាប់រូបភាពបានតាមកែវយឺតធម្មតាៗនោះឡើយ បើគ្មានការប្រឹងចាប់ និងបំលែងរូបភាពយ៉ាងជំនាញរបស់ Hubble ទេនោះ។
សម្រាប់ផ្កាយដែលជះពន្លឺខ្លាំងជាងគេជាងឯង ស្ថិតនៅជាយខាងឆ្វេងនៃរូបភាពខាងលើនេះ ត្រូវបានគេឲ្យឈ្មោះថា TYC 3203-450-1 ដែលស្ថិតនៅតំបន់កញ្ចុំផ្កាយ Lacerta នៃកាឡាក់ស៊ីខាងលើ។ ទោះបីជាផ្កាយនោះធំរហូតដល់អាចជះពន្លឺខ្លាំង ទោះបីជាស្ថិតនៅរាប់លានឆ្នាំពន្លឺពីយើងក្តី ក៏ព័ត៌មានបឋមអំពីលក្ខណៈនៃផ្កាយនេះ នៅមិនទាន់ត្រូវបានគេយកមកសិក្សានៅឡើយទេ។
គួរបញ្ជាក់ថា កែវយឺតអវកាស Hubble ដែលអ្នកជំនាញប្រមាញ់កាឡាក់ស៊ី និងថតរូបភពឆ្ងាយៗរបស់អង្គការ NASA ត្រូវបានដាក់ឲ្យដំណើរនៅទីអវកាសអស់រយៈកាលជិត ៣០ឆ្នាំទៅហើយ ដោយវាអាចនឹងបញ្ចប់បេសកកម្មនៅឆ្នាំ២០១៨ ខាងមុខនេះ ប៉ុន្តែគេនៅមិនទាន់មានការបញ្ជាក់ថា តើ NASA នឹងបញ្ជាវាត្រឡប់មកផែនដីវិញ ឬក៏បោះបង់ចោលនៅទីអវកាសនោះឡើយ៕