រថភ្លើងដឹកទំនិញមួយខ្សែ «បុកមនុស្ស០៨នាក់ស្លាប់ និងជាង១០នាក់របួស» នៅភាគខាងកើតប្រទេសឥណ្ឌា!
01-05-2017 11:49
(ញូដេលី)៖ រថភ្លើងដឹកទំនិញមួយខ្សែ បានបើកបុកមនុស្សចំនួន ០៨នាក់ស្លាប់ និងបានបណ្តាលឲ្យជាច្រើននាក់ផ្សេងទៀតទទួលរងរបួស នៅក្នុងរដ្ឋ Bihar ភាគខាងកើតនៃប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។
មន្រ្តីប៉ូលិសប្រចាំតំបន់កើតហេតុ បានប្រាប់ទីភ្នាក់ងារព័ត៌មានខាងលើយ៉ាងដូច្នេះថា «នៅក្នុងហេតុការណ៍សោកនាដកម្មដ៏អាក្រក់មួយនាយប់មិញនេះ មនុស្សចំនួន ០៨នាក់ រួមមានទាំងស្រ្តីពីរនាក់ និងកុមារពីរនាក់ផងដែរបានស្លាប់ភ្លាមៗ បន្ទាប់ពីរថភ្លើងដឹកទំនិញមួយគ្រឿង បានបើកបុកចំពួកគេនៅក្បែរស្ថានីយ៍រថភ្លើងនៃក្រុង Sirari។ ដោយឡែកមនុស្សជាង១០នាក់ផ្សេងទៀត ក៏បានទទួលរងរបួសនៅក្នុងហេតុការណ៍នេះដែរ ហើយក្នុងចំណោមនោះ មានពីរនាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង»។
គួរបញ្ជាក់ថា យោងតាមអាជ្ញាធរឥណ្ឌា គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើង នៅពេលមនុស្សទាំងអស់នោះកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ហើយពួកគេបានបញ្ជាឲ្យបើកការស៊ើបអង្កេត ទៅលើហេតុការណ៍នេះហើយ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ខណៈប្រជាជននៅទីនោះ បានលើកឡើងថា ដោយសារតែបញ្ហាអាកាសធាតុអាក្រក់នៅក្នុងតំបន់ ទើបធ្វើឲ្យជនរងគ្រោះទាំងអស់នោះ ពុំអាចប្រទះឃើញរថភ្លើងបែបនេះ៕