(តូក្យូ)៖ ជប៉ុនបានដាក់ពង្រាយនាវាផ្ទុកឧទ្ធម្ភាគចក្រ និងអនុញ្ញាតឱ្យប្រើប្រាស់សព្វាអាវុធភ្លាមៗ នៅក្នុងករណីចាំបាច់ដើម្បីហែរហម និងការពារនាវាយោធារបស់សហរដ្ឋអាមេរិក ហើយដែលបេសកកម្មនេះធ្វើឡើង ស្របពេលទីក្រុងតូក្យូកំពុងបង្កើនសមត្ថភាពយោធាឡើងវិញ គិតចាប់តាំងពីសង្រ្គាមលោកលើកទី០២មក ខណៈកូរ៉េខាងជើងចេះតែសាកល្បងមីស៊ីលម្ដងហើយម្ដងទៀត។ នេះបើតាមការផ្សាយរបស់់ទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូ ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។
យោងតាមក្យូដូ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី Tomomi Inada បានបញ្ជាឱ្យនាវាផ្ទុកឧទ្ធម្ភាគចក្រ Izumo ការពារនាវាផ្គត់ផ្គង់យោធាអាមេរិក កំពុងធ្វើដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិកសំដៅផ្គត់ផ្គង់ដល់នាវាផ្ទុកចម្បាំងអាមេរិក USS Carl Vinson ដែលបានមកដល់តំបន់ក្បែរដែនទឹកឧបទ្វីបកូរ៉េ ដើម្បីឃ្លំាមើលសកម្មភាព និងទប់ស្កាត់ការវាយប្រហារជាយថាហេតុណាមួយ ពីសំណាក់ទីក្រុងព្យុងយ៉ាង។
ទន្ទឹមគ្នានេះដែរទីក្រុងតូក្យូមិនបានបញ្ជាក់ឡើយថា នាវាអាមេរិកប៉ុន្មានត្រូវការពារនោះទេ រីឯកូរ៉េខាងជើងវិញក៏ធ្លាប់បានព្រមានដែរថា ខ្លួននឹងបាញ់ពន្លិចនាវា USS Carl Vinson បើសិនហ៊ានចូលមកក្នុងដែនទឹកឧបទ្វីបកូរ៉េ រួមទំាងនាវមុជទឹកអាមេរិក ដែលត្រូវបានដាក់ពង្រាយនៅកូរ៉េខាងត្បូង នាពេលថ្មីៗនេះផងដែរ។
គួរបញ្ជាក់ថា នាវាផ្ទុកឧទ្ធម្ភាគចក្រ Izumo បានចាកចេញពីកំពង់ផែ Yokosuka នៃខេត្ត Kanagawa នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងការពារ និងជូនដំណើរកងនាវាផ្គត់ផ្គង់អាមេរិក ពីតំបន់ដែនទឹកនៃឧបទ្វីប Boso ស្ថិតនៅក្បែរទីក្រុងតូក្យូ ឆ្ពោះទៅកាន់តំបន់ដែនទឹកនៃទីប្រជុំកោះ Shikokou៕