(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណអាមេរិក បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា មកទល់ពេលនេះ ប្រជាជនស៊ីវិលស្លូតត្រង់ចំនួន ៤៥នាក់ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់យោធាចំរុះ (Operation Inherent Resolve) ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធ ISIS គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦មក ហើយប្រការនេះបានធ្វើឲ្យចំនួនសរុបកើនដល់៣៥២នាក់ ទោះបីជាអង្គការឃ្លាំងមើលមួយចំនួនបានអះអាងថា តួលេខពិតប្រាកដគឺខ្ពស់ជានេះឆ្ងាយណាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។
ក្រសួងការពារជាតិអាមេរិកបានបន្ថែមទៀតថា «យើងពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតដោយអចេតនា របស់ប្រជាជនស្លូតត្រង់ទាំងអស់ ក្នុងអំឡុងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ហើយយើងសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រួសាររបស់ពួគេ និងអ្នកដទៃផ្សេងទៀត ដែលបានទទួលរងផលប៉ះពាល់ ដោយប្រតិបត្តិការតាមផ្លូវអាកាសទាំងនេះ»។
គួរបញ្ជាក់ថា នៅចន្លោះខែសីហា ឆ្នាំ២០១៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៃយុទ្ធនាការ Operation Inherent Resolve មានប្រតិបត្តិការទម្លាក់គ្រាប់បែកតាមផ្លូវអាកាសចំនួន ២០,២០៥លើក ហើយបើយោងតាមអង្គការឃ្លាំមើលមួយ ដែលមានមូលដ្ឋានទៅចក្រភពអង់គ្លេស ប្រជាជនស៊ីវិលស្លូតត្រង់យ៉ាងតិចចំនួន ៣,១៦៤នាក់ បានស្លាប់ដោយសារកងកម្លាំងចម្រុះដឹកនាំដោយអាមេរិក៕