(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទូរស័ព្ទដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីសិង្ហបុរីផងដែរ ដើម្បីលើកឡើងពីបញ្ហាកំពុងប្រឈមជាមួយនឹងកូរ៉េខាងជើង ដោយចុងបញ្ចប់នៃកិច្ចសន្ទនាដាច់ដោយឡែកនេះ មេដឹកនាំដែលទើបឡើងកាន់អំណាចបានជាង ១០០ថ្ងៃរបស់អាមេរិករូបនេះ បានអញ្ជើញមេដឹកនាំថៃ និងសិង្ហបុរី មកបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិកតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post របស់ថៃនាព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។
ការទូរស័ព្ទសន្ទនាគ្នាជាមួយនាយករដ្ឋមន្ត្រីថៃខាងលើនេះ ត្រូវបានរៀបចំឡើងនៅវេលាថ្ងៃអាទិត្យ ទី៣០ ខែមេសា (ពេលវេលានៅវ៉ាស៊ីនតោន) ត្រូវនឹងពេលវេលារំលងអាធ្រាតឈានចូលថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧នេះ (ពេលវេលានៅទីក្រុងបាងកក)។ ទោះបីជាបែបនេះក្តី ខាងរដ្ឋាភិបាលថៃ និងសិង្ហបុរី មិនទាន់ធ្វើការបញ្ជាក់ថា តើដំណើរបំពេញទស្សនកិច្ចនោះ នឹងត្រូវធ្វើឡើងនាពេលណាច្បាស់ឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចសន្ទនានោះ លោក ប្រាយុទ្ធ និងលោក ត្រាំ សុទ្ធតែបានប្តេជ្ញាដូចគ្នា នៅក្នុងការរក្សាការពារឲ្យបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក្នុងនោះក៏មានការលើកឡើងពីការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាង ថៃ-អាមេរិក ផងដែរ។ ព័ត៌មានខាងលើនេះត្រូវបានផ្សព្វផ្សាយ ក្រោយសេតវិមានអាមេរិកបញ្ជាក់ព័ត៌មានពីការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ចំពោះប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ ឲ្យមកបំពេញទស្សនកិច្ចនៅអាមេរិក ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយបញ្ហាកូរ៉េខាងជើងជាចម្បង៕