(ម៉ានីល)៖ នាវាពិឃាតចិនមួយគ្រឿងឈ្មោះ Changchun ដែលមានសមត្ថភាពប្រយុទ្ធដោយគ្រាប់មីស៊ីល បានផ្ដើមបំពេញទស្សនកិច្ច ជាលក្ខណៈមិត្តភាពរយៈពេល០៣ថ្ងៃ បន្ទាប់ពីបានធ្វើដំណើរមកដល់ទីក្រុងដាវ៉ៅ ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ខណៈប្រទេសទំាងពីរនៅតែកំពុងមានជម្លោះដែនទឹកនឹងគ្នា នៅឯតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងពិធីទទួលស្វាគមន៍ ដំណើរមកដល់របស់នាវាចិន លោក Miao Hua ប្រធានកិច្ចការនយោបាយកងនាវានៃកងទ័ពជើងប្រជាជនចិន និងជាអ្នកដឹកនាំដំណើរទស្សនកិច្ចនេះ បាននិយាយថា «ដំណើរទស្សនកិច្ចនេះ នឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទំាងពីរ ក៏ដូចជាចែករំលែកបទពិសោធន៍ និងការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី»។
ចំណែកឯអភិបាលក្រុងដាវ៉ៅ លោកស្រី សារ៉ា ឌូតឺតេ ក៏បានលើកឡើងដែរថា «ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងចិន អាចនឹងជួយលើកកម្ពស់ការផ្លាស់ប្ដូរយោបល់លើបញ្ហាសមុទ្រ និងកិច្ចសហប្រតិបត្តិការសមុទ្រ ព្រមទាំងចូលរួមចំណែករក្សាសន្តិភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា នេះគឺលើកទីមួយហើយដែលនាវាចម្បាំងចិន មកទស្សនកិច្ចនៅទីក្រុងដាវ៉ៅ ជាទីក្រុងធំទី០៣ របស់ហ្វីលីពីន និងជាស្រុកកំណើតរបស់លោក ឌូតឺតេ ដែលមានកូនស្រីរបស់លោកខាងលើនេះជាអភិបាលក្រុង៕