(វ៉ាស៊ីនតោន)៖ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើការអញ្ជើញមេដឹកនាំហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ មកកាន់រដ្ឋធានីវ៉ាស៊ីនតោននោះ សេតវិមានអាមេរិកបានចេញមុខការពារការសម្រេចចិត្តនេះថា កិច្ចសហប្រតិបត្តិការរបស់លោក ឌូតឺតេ ជាតម្រូវការចាំបាច់មួយ ដើម្បីទប់ទល់ជាមួយប្រទេសកូរ៉េខាងជើង ស្របពេលដែលរដ្ឋបាលលោក ត្រាំ ប្រឈមមុខការរិះគន់ខ្លាំងៗពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ដោយសារការបើកទ្វារទទួលស្វាគមន៍ចំពោះទីក្រុងម៉ានីល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។
ការអញ្ជើញខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងការជជែកគ្នា ដ៏រាក់ទាក់មួយតាមប្រព័ន្ធទូរស័ព្ទ នាវេលាយប់ថ្ងៃអាទិត្យ (ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន) រវាងលោក ដូណាល់ ត្រាំ និងលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលជាអ្នកទទួលរងការចោទប្រកាន់យ៉ាងចាស់ដៃ ពីសំណាក់អង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើន អំពីការគាំទ្រឲ្យមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ទៅលើជនសង្ស័យជួញដូរគ្រឿងញៀននៅទូទាំងប្រទេសហ្វីលីពីន។
ជុំវិញរឿងនេះលោក Reince Priebus ប្រធានខុទ្ទកាល័យសេតវិមានបានថ្លែងបញ្ជាក់ថា នាខណៈពេលនេះពុំមានអ្វីដែលកំពុងប្រឈមជាមួយប្រទេសនេះ ក៏ដូចជាកំពុងប្រឈមជាមួយតំបន់ និងពិភពលោកទាំងមូល ដែលធំជាងបញ្ហាកូរ៉េខាងជើងនោះឡើយ ស្របពេលដែលលោក ដូណាល់ ត្រាំ ព្យាយាមប្រមូលផ្តុំការគាំទ្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជួយទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។
លោក Priebus បានទទូចថា «ការទាក់ទងជាមួយលោក ឌូតឺតេ នេះ ពុំមែនមានន័យថា រឿងសិទ្ធិមនុស្សត្រូវបានមើលរំលងនោះទេ ក៏ប៉ុន្តែអត្ថន័យពិតរបស់វាគឺថា បញ្ហាកើតចេញពីកូរ៉េខាងជើង ដែលកំពុងតែប្រឈមជាមួយយើង មានភាពសភាធ្ងន់ធ្ងរខ្លាំងរហូតបណ្តាលឲ្យយើងចាំបាច់ត្រូវការកិច្ចសហប្រតិបត្តិការនៅក្នុងកម្រិតមួយ ជាមួយបណ្តាដៃគូឲ្យបានច្រើនតាមតែអាចធ្វើទៅបាននៅក្នុងតំបន់»។
គួរបញ្ជាក់ថា នៅក្រោមអតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីលបានឈានដល់កម្រិតមួយទាបបំផុត រហូតដល់លោក ឌូតើតេ គំរាមផ្ដាច់សម្ព័ន្ធភាពយោធាជាច្រើនដង ដោយសារតែការរិះគន់លើសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក។ ប៉ុន្តែនារយៈពេលចុងក្រោយនេះ លោក ឌូតឺតេ ហាក់ដូចជាបានបង្ហាញជំហរទន់ភ្លន់ នៅចំពោះមុខរដ្ឋាភិបាលអាមេរិកថ្មីរបស់ លោក ដូណាល់ ត្រាំ ពោលគឺលោកធ្លាប់និយាយដែរថា ទំនាក់ទំនងអាមេរិក-ហ្វីលីពីន អាចនឹងប្រសើរឡើងវិញក្រោមរដ្ឋបាលលោកត្រាំ៕