(សេអ៊ូល)៖ ប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង លោក Kim Kwan-jin បាននិយាយ នៅចុងសប្តាហ៍មុននេះថា ទីក្រុងសេអ៊ូលគឺជាអ្នកផ្ដល់ទីតាំងសម្រាប់តំឡើងប្រព័ន្ធខែលការពារមីស៊ីល THAAD រីឯសហរដ្ឋអាមេរិកគឺជាអ្នកចំណាយលើការចាយវាយ។ ការអះអាងនេះទៀតសោតធ្វើឡើងតែ មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោង ផ្គើនទីក្រុងវ៉ាស៊ីនតោន តែបរាជ័យកាលពីថ្ងៃសៅរ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។
ការលើកឡើងខាងលើរបស់លោក Kim Kwan-jin ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក McMaster។ លោក McMaster ថ្លែងនាឱកាសនោះដែរ បានប្រាប់សមភាគីរបស់ខ្លួនថា សម្ព័ន្ធភាពជាមួយកូរ៉េខាងត្បូងគឺជាអាទិភាពកំពូលមួយរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយថា ទីក្រុងវ៉ាស៊ីនតោននឹងឈរនៅពីក្រោយគាំទ្រទីក្រុងសេអ៊ូល ១០០ភាគរយ ប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ ដោយឡែកពាក់ព័ន្ធនឹងការតំឡើង THAAD ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបានលើកឡើងថា «ការអត្ថាធិប្បាយរបស់ លោក ត្រាំ គឺធ្វើឡើងនៅក្នុងបរិបទទូទៅ ដោយគ្រាន់តែគិតគូរពីការចង់បាននៃប្រជាជនអាមេរិក លើការចែករំលែកការចាយវាយពីសម្ព័ន្ធមិត្តតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យកូរ៉េខាងត្បូងបង់ប្រាក់ ១ពាន់លានដុល្លារអាមេរិក សម្រាប់ការដាក់តំឡើង THAAD នៅលើទឹកដីកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងមីស៊ីលកូរ៉េខាងជើង ខណៈចិន និងរុស្ស៊ីបានព្រមានថា នឹងចាត់វិធានការឆ្លើយតបទៅនឹង THAAD៕