(ពិភពលោក)៖ រាល់ពេលលើកឡើងអំពីឧបទ្វីបកូរ៉េ មនុស្សតែងនឹកដល់ភ្លាមពីភាពខុសគ្នារវាងដែនដីភាគខាងត្បូង ដែលប្រៀបបាននឹងឋានសួគ៌លើដី ខណៈដែលដែនដីភាគខាងជើងប្រៀបបាននឹងឋាននរកសម្រាប់មនុស្សលោកទៅវិញ។ ភាពខុសគ្នាដាច់ស្រឡះរវាងប្រទេសទាំងពីរ និងការប្រឈមុខដាក់គ្នាក្នុងពេលបច្ចុប្បន្នធ្វើឱ្យមានសំណួរជាច្រើនត្រូវបានចោទឡើងជាដដែលៗថា អ្វីជាមូលហេតុដែលធ្វើឱ្យកូរ៉េបែកបាក់ជាពីរ? តើអ្នកណាជាអ្នកនៅពីក្រោយខ្នងនៃការបែកបាក់នេះ?
ហេតុអ្វីបានជាប្រទេសដែលអតីតជាដែនដីតែមួយសោះ បែរមានភាពខុសគ្នាដូចមេឃ និងដីបែបនេះ? ហេតុអ្វីបានដែនដីទាំងពីរត្រូវខណ្ឌចែកត្រឹមខ្សែស្របទី៣៨? អត្ថបទខាងក្រោម នឹងឆ្លើយតបរាល់សំណួរទាំងអស់ខាងលើ រួមទាំងព័ត៌មានសំខាន់ៗពាក់ព័ន្ធ នឹងការបែកបាក់នៃប្រទេសកូរ៉េទាំងពីរ៖
I. អត្ថបទសង្ខេប៖
ការបែកបាក់ឧបទ្វីបកូរ៉េជាពីរ ជាលទ្ធផលបណ្តាលមកពីការលូកដៃរបស់មហាអំណាចអាមេរិក និងសូវៀតដើម្បីបញ្ចប់របបចក្រពតិ្តនិយមជប៉ុន ដែលគ្រប់គ្រងលើដែនដីកូរ៉េអស់រយៈពេល៣៥ឆ្នាំ។ ជាអកុសលថ្វីត្បិតមហាអំណាចអាមេរិក និងសូវៀតអាចបញ្ចប់របបចក្រពត្តិនិយមរបស់ជប៉ុនលើដែនដីកូរ៉េ បានតែលទ្ធផលបែរជាអាក្រក់លើសពីការរំពឹងទុក ដូចដែលស្ថានភាពបច្ចុប្បន្នអាចបង្ហាញជាភស្ថុតាងស្រាប់ (បែកជាពីរ)។
មូលហេតុនៃការបែកបាក់ដោយសារជ័យជម្នះលើប្រទេស ជប៉ុននេះបានកើតឡើងនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ ស្របពេលដែលសង្គ្រាមត្រជាក់ក៏បានឈានចូលមកដល់ ជាពេលដែលពិភពលោកត្រូវហែកជាពីរ ដោយមនោគមន៍វិជ្ជាសេរីរបស់អាមេរិក និងកុម្មុនិសរបស់សូវៀត។ ដោយសារមហាអំណាចទាំងពីរកំពុងចង់ដណ្តើមដែនដីគ្នាដើម្បីពង្រីកឥទ្ធិពលរៀងៗខ្លួនស្រាប់ផងនោះ ប្រទេសកូរ៉េក៏ក្លាយជាជនរងគ្រោះដោយសារការហែកចែកគ្នាតែម្តង។
II. ប្រវត្តិដែនដីកូរ៉េមុនឈានដល់ការបែកបាក់
* កូរ៉េក្រោមការគ្រប់គ្រងរបស់ជប៉ុន (ឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥)៖
បន្ទាប់ពីសង្គ្រាមរុស្ស៊ី និងជប៉ុនត្រូវបានបញ្ឈប់ទៅក្នុងឆ្នាំ១៩០៥ ប្រទេសកូរ៉េបានក្លាយជារដ្ឋក្រោមអាណាព្យាបាល និងក្លាយជាផ្នែកមួយនៃដែនដីប្រទេស ជប៉ុនក្នុងឆ្នាំ១៩១០។ ស្តេចកូរ៉េព្រះអង្គម្ចាស់ Gojong ត្រូវបានទម្លាក់ពីបល្ល័ង។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ក្រោយមក ពួកជាតិនិយម និងក្រុមជ្រុលនិយមបានផ្ទុះកំហឹងឡើង ដែលភាគច្រើនជាជនដែលត្រូវបានគេនិរទេសន៍ខ្លួនទៅក្រៅប្រទេស បានតស៊ូប្រឆាំងជប៉ុនដើម្បីទាមទារឯករាជ្យជាតិ។
រដ្ឋាភិបាលបណ្តោះអាសន្នមួយរបស់កូរ៉េក្នុងប្រទេស ចិនត្រូវបានបង្កើតឡើងដើម្បីប្រឆាំងវត្ថមានជប៉ុន តែមិនត្រូវបានទទួលស្គាល់ជាសាធារណៈពីសំណាក់មហាជនទូទៅឡើយ។
* ការបញ្ចប់អំណាចចក្រពតិ្តនិយមជប៉ុន៖
ក្នុងខែវិច្ឆិកា ឆ្នាំ១៩៤៣ មេដឹកនាំមហាអំណាចបីរូប គឺលោក Franklin Roosevelt លោក Winston Churchill និងលោក Chiang Kai-shek បានធ្វើកិច្ចជំនួបក្នុងទីក្រុង Cairo ដើម្បីពិភាក្សាស្វែងរកមធ្យោបាយកម្ចាត់អាណានិគមជប៉ុន ដោយព្រមព្រៀងគ្នាថា ធ្វើយ៉ាងណាឱ្យប្រទេស ជប៉ុន លះបង់ដែនដីដែលខ្លួនដណ្តើមបានដោយប្រើប្រាស់កម្លាំងយោធាក្នុងពេលកន្លងមក។ ក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីសន្និសីទនេះបញ្ចប់ វិបត្តិប្រទេសកូរ៉េត្រូវបានលើកឡើងមុនគេ។ មហាអំណាចទាំងបីបានប្រកាសថា ពួកគេកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋកូរ៉េ ព្រមទាំងប្តេជ្ញាថា ប្រទេសកូរ៉េ គួរតែទទួលបានសេរីភាព និងឯករាជ្យរបស់ខ្លួន។
ក្នុងសន្និសីទក្នុងទីក្រុង Tehran ក្នុងខែវិច្ឆិកា ឆ្នាំ១៩៤៣ និងសនិ្នសិទទីក្រុង Yalta ក្នុងខែកុម្ភៈ ឆ្នាំ១៩៤៥ សហភាពសូវៀតបានសន្យាថា នឹងចូលរួមជាមួយសម្ព័ន្ធមិត្តដើម្បីធ្វើសង្គ្រាមនៅតំបន់ប៉ាស៊ីហ្វិច។ ក្នុងថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៤៥ សូវៀតបានប្រកាសសង្គ្រាមជាមួយប្រទេស ជប៉ុន។ យោធាសូវៀតបានសម្រុកចូលដែនដីកូរ៉េយ៉ាងទាន់ហន់ តែបែរជាធ្វើឱ្យរដ្ឋាភិបាលអាមេរិកមានក្តីខ្វាយខ្វល់ ដោយគិតថា បើគ្មានវត្តមានសូវៀតទេនោះ ខ្លួនប្រាកដជាអាចកាន់កាប់កូរ៉េទាំងមូលបានយ៉ាងងាយ។
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៤៥ មន្ត្រីអាមេរិកវ័យក្មេងពីររូប ត្រូវបានតែងតាំងឡើងដើម្បីកំណត់ដែនដីកូរ៉េដែលអាមេរិកវាយដណ្តើមបាន។ ដោយការងារនេះធ្វើឡើងក្នុងរយៈពេលយ៉ាងខ្លី និងគ្មានការគ្រោងទុកទាល់តែសោះនោះ មន្ត្រីទាំងពីររូបបានកំណត់យកខ្សែស្របទី៣៨ជាបន្ទាត់កំណត់ដែនដីដែលសហរដ្ឋអាមេរិកវាយគ្រប់គ្រងបាន។ មូលហេតុដែលមន្ត្រីទាំងពីររូប ជ្រើសរើសត្រង់ខ្សែបន្ទាត់នេះ ដោយសារវាខណ្ឌចែកដែនដីភាគខាងជើង និងខាងត្បូងស្ទើរតែស្មើគ្នា ដោយយកសេអ៊ូល ជាទីក្រុងក្រោមការគ្រប់គ្រងរបស់អាមេរិក តែក្នុងពេលនោះគ្មានអ្នកជំនាញជនជាតិកូរ៉េណាមួយបានចូលរួមផ្តល់ប្រឹក្សាពាក់ព័ន្ធនឹងបញ្ហានេះឡើយ។ ជារឿងគាប់ជួននោះ កាលពីប្រមាណ៤០ឆ្នាំមុន ប្រទេសជប៉ុន និងរុស្ស៊ីក៏ធ្លាប់បានពិភាក្សាគ្នាដើម្បីបែកចែកកូរ៉េតាមខ្សែបន្ទាត់នេះដូចគ្នា។
ការបែកចែកនេះ បានរំលែកមនុស្ស១៦លាននាក់ ឱ្យនៅក្រោមការគ្រប់គ្រងរបស់អាមេរិក និង៩លាននាក់ផ្សេងទៀតក្រោមការគ្រប់គ្រងរបស់សូវៀត។ កាន់តែគួរឱ្យភ្ញាក់ផ្អើលនោះគឺមហាអំណាចទាំងពីរ ឆាប់ទទួលយកការបែកចែកនេះភ្លាមៗដោយគ្មានរារែក។ កិច្ចព្រមព្រៀងត្រូវបានសម្រេចឡើងក្នុងថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៤៥ ជាថ្ងៃដែលជប៉ុនលើកទង់ជ័យសចុះចាញ់សង្គ្រាមលោកលើកទីពីរ។
នៅខែដដែលកងកម្លាំងសូវៀតទាំងទ័ពជើងទឹក និងជើងគោក ត្រូវបានដាក់ពង្រាយនៅដែនដីកូរ៉េ និងឈានទៅលាតសន្ធឹងដល់តំបន់ភាគខាងជើង និងខាងកើតនៃប្រទេស។ នៅថ្ងៃទី២៤ ខែសីហា កងទ័ពក្រហមបានពង្រីកវត្តមានរបស់ខ្លួនដល់ទីក្រុង ព្យុងយ៉ាង។
* ស្ថានភាពកូរ៉េក្រោយសង្គ្រាមលោកលើកទីពីរ៖
ក្នុងខែធ្នូ ឆ្នាំ១៩៤៥ ក្នុងសន្និសិទទីក្រុងម៉ូស្គូ សម្ព័ន្ធមិត្តសហភាពសូវៀត សហរដ្ឋអាមេរិក សាធារណរដ្ឋចិន និងអង់គ្លេស ក្នុងការចូលរួមក្នុងការប្រកាសផ្តល់ឯករាជ្យដល់កូរ៉េ ស្របពេលដែលប្រជាពលរដ្ឋកូរ៉េភាគច្រើនទាមទាចង់បានឯករាជ្យភ្លាមៗ លើកលែងតែបក្សកុម្មុយនីស បែរជាបន្តចង់ស្ថិតក្រោមឥទ្ធិពលរដ្ឋាភិបាលសូវៀតទៅវិញ។
ក្នុងកិច្ចប្រជុំក្នុងឆ្នាំ១៩៤៦ និងឆ្នាំ១៩៤៧ សហភាពសូវៀត និងសហរដ្ឋអាមេរិក បានរួមគ្នាក្នុងគោលដៅបង្រួបបង្រួមកូរ៉េទាំងពីរ ប៉ុន្តែត្រូវបរាជ័យមូលហេតុដោយសារភាពផ្ទុយគ្នានៃមនោគមន៍វិជ្ជារបស់មហាអំណាចទាំងពីរក្នុងសម័យសង្គ្រាមត្រជាក់។ ជាងនេះទៅទៀតនោះ ការបែងចែកតំបន់ទាំងពីរ មានភាពស៊ីជម្រៅពេក រហូតមិនងាយនឹងរកផ្លូវទៅរកការបង្រួបង្រួមឡើយ។ នៅខែឧសភា ឆ្នាំ១៩៤៦ គេបានចាត់ទុកថា ការឆ្លងកាត់ខ្សែស្របទី៣៨ ដោយគ្មានការអនុញ្ញាតត្រូវបានចាត់ទុកថា ជារឿងខុសច្បាប់។
* សហរដ្ឋអាមេរិកចូលកាន់កាប់កូរ៉េខាងត្បូង៖
ដោយរដ្ឋាភិបាលអាមេរិក ព្រួយបារម្ភខ្លាចប្រទេសសូវៀត ពង្រីកឥទ្ធិពលរបស់ខ្លួន ស្របពេលដែលអាជ្ញាធរជប៉ុន ក្នុងដែនដីកូរ៉េបានព្រមានពីហនិភ័យ នៃការអវត្តមានអ្នកដឹកនាំប្រទេសផងនោះ កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការឈ្លានពានដែនដីកូរ៉េខាងត្បូងចំនួនបីដង។ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៤៥ នាយឧត្តមសេនីយ៍អាមេរិកលោក Douglas MacArthur បានប្រកាសថា លោក John R.Hodge ជាមន្ត្រីរដ្ឋបាលកិច្ចការកូរ៉េ។ លោក Hodge បានធ្វើដំណើរអមដោយយោធាទៅកាន់តំបន់ Incheon ដែលជាដែនដីកូរ៉េខាងត្បូង។
រដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋកូរ៉េ ដែលត្រូវបានប្រតិបត្តិការនៅប្រទេស ចិន បានបញ្ជូនគណៈប្រតិភូទៅជួបលោក Hodge ប៉ុន្តែត្រូវបានលោកបដិសេធមិនជួប។ មិនតែប៉ុណ្ណោះ លោកបានបដិសេធមិនទទួលស្គាល់ទម្រង់រដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូង នៅប្រទេស ចិន និងគណៈកម្មាការប្រជាជនឡើយ ថែមទាំងចាត់ទុកថា វាជារឿងខុសច្បាប់ថែមទៀតផងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំដដែល។
សកម្មជនប្រឆាំងបក្សកុម្មុយនីសដ៏ក្លៀវក្លា លោក Syngman Rhee ក្រោយមកក៏ក្លាយជាប្រធានាធិបតីទី១ នៃរដ្ឋាភិបាលប៉ុណ្ណោះអាសន្នភាគខាងត្បូង និងក្រោយមកបានក្លាយជាអ្នកនយោបាយដ៏លេចធ្លោម្នាក់របស់កូរ៉េខាងត្បូង។ រដ្ឋាភិបាលខាងត្បូង បានធ្វើយុទ្ធនាការយោធាប្រឆាំងពួកបះបោរឆ្វេងនិយម។ ក្នុងរយៈពេលត្រឹមពីរបីឆ្នាំ មនុស្សប្រមាណ៣០,០០០ ទៅ១០០,០០០នាក់ត្រូវសម្លាប់។
* សូវៀតគ្រប់គ្រងភាគខាងជើង៖
ក្នុងខែកុម្ភៈ ឆ្នាំ១៩៤៦ រដ្ឋាភិបាលបណ្ណោះអាសន្នភាគខាងជើង ដែលត្រូវបានគេឱ្យឈ្មោះថា គណៈកម្មាធិការប្រជាជនបណ្តោះអាសន្ន ដែលត្រូវបានបង្កើតឡើងដោយលោក Kim Il-sung ដែលបានចំណាយពេលទទួលការហ្វឹកហាត់ធ្វើសង្គ្រាម ជាមួយយោធាសូវៀតនៅទីក្រុង Manchuria។ ក្នុងឆ្នាំ១៩៤៦ រដ្ឋាភិបាលបណ្តោះអាសន្នភាគខាងជើង ក្រោមអំណាចរបស់ពួកសូវៀត បានធ្វើកំណែទម្រង់ដីធ្លី ដោយរាល់ដីទាំងឡាយដែលធ្លាប់ជាកម្មសិទ្ធរបស់ជប៉ុន និងម្ចាស់ដី ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ។ សូម្បីអតីតម្ចាស់ដីធំៗ ត្រូវទទួលបានផ្ទៃដីស្មើ នឹងជនក្រីក្រទូទៅដែរ។
ការធ្វើកំណែទម្រង់ដីធ្លីនៅកូរ៉េខាងជើង មិនសូវបង្កហិង្សាច្រើនដូចនៅចិន និងវៀតណាមឡើយ។ កំណែទម្រង់ដីនេះបណ្តាលឱ្យមនុស្សជាច្រើនភៀសខ្លួនទៅភាគខាងត្បូង ដោយក្នុងនោះមួយចំនួនថែមទំាងបានទទួលដំណែងក្នុងជួររដ្ឋាភិបាលភាគខាងត្បូងផងដែរ។ យោងតាមរដ្ឋាភិបាលអាមេរិកបានឱ្យដឹងថា ជនជាតិកូរ៉េខាងជើងប្រមាណ៤០០ពាន់នាក់ បានធ្វើដំណើរទៅកាន់ភាគខាងត្បូង ក្នុងនាមជាជនភៀសខ្លួន។ ឧស្សាហកម្មសំខាន់ៗ ត្រូវបានចាត់ទុកជារបស់រដ្ឋ។ ចំណែកស្ថានភាពសេដ្ឋកិច្ចរបស់ភាគខាងជើងវិញ មានការលំបាកច្រើនជាងតំបន់ភាគខាងត្បូង។ ទីបំផុតយោធាសូវៀត បានចាកចេញពីដែនដីកូរ៉េខាងជើងនៅក្នុងឆ្នាំ១៩៤៨។
* អន្តរាគមន៍របស់ UN និងការបង្កើតរដ្ឋាភិបាលពីរផ្សេងគ្នា៖
អង្គការសហប្រជាជាតិ បានលូកដៃក្នុងបញ្ហាកូរ៉េ ប៉ុន្តែត្រូវបានសូវៀតបដិសេធ។ ក្នុងពេលនោះ សហរដ្ឋអាមេរិកមានឥទ្ធិពលខ្លាំងទៅលើអង្គការសហប្រជាជាតិស្រាប់។ អង្គការសហប្រជាជាតិ បានដាក់ចេញនូវក្តីសម្រេចនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៤៧ ដោយប្រកាសថា ចាំបាច់ត្រូវមានការរៀបចំការបោះឆ្នោតដោយសេរីមួយ ហើយយោធាបរទេសចាំបាច់ត្រូវដកចេញ ព្រមទាំងបង្កើតគណៈកម្មាធិការបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិ នៅដែនដីកូរ៉េ ហៅកាត់ថា UNTCOK។
សហភាពសូវៀត បានធ្វើពហិការមិនយល់ព្រមចំពោះការបោះឆ្នោត និងមិនធ្វើការពិចារណាអ្វីទាំងអស់លើដំណោះស្រាយ របស់អង្គការសហប្រជាជាតិលើបញ្ហានៅកូរ៉េ ដោយអះអាងថា អង្គការសហប្រជាជាតិមិនអាចធានា បាននូវការបោះឆ្នោតដោយសេរីឡើយ។ ដោយសារតែអវត្តមាននៃកិច្ចសហប្រតិបត្តិការពីសំណាក់សូវៀត ទើបកូរ៉េសម្រេចចិត្តក្នុងការរៀបចំការបោះឆ្នោត ក្រោមការអង្កេតការដោយអង្គការសហប្រជាជាតិ តែធ្វើឡើងតែនៅភាគខាងត្បូងប៉ុណ្ណោះ។
ការពិតទៅគណៈប្រតិភូអង្គការសហប្រជាជាតិយល់ថា ស្ថានភាពនៅភាគខាងត្បូងហាក់លំអៀងច្រើនទៅរកបេក្ខជនស្តាំនិយម ប៉ុន្តែពួកគេជ្រើសរើសផ្លូវក្នុងការដោះស្រាយរឿងនេះឡើយ។
សេចក្តីសម្រេចក្នុងការបោះឆ្នោតលើដែនដីកូរ៉េដាច់ដោយឡែកពីគ្នាបែបនេះ មិនសូវទទួលការពេញចិត្តប៉ុន្មានឡើយពីសំណាក់ប្រជាពលរដ្ឋកូរ៉េ ដោយពួកគេបានឃើញថា វាជាច្រកផ្លូវឈានទៅរកការបែកបាក់ក្នុងប្រទេសជារៀងរហូត។ បាតុកម្មប្រឆាំងសេចក្តីសម្រេចនេះចាប់ផ្តើមឡើងនៅខែកុម្ភៈ ឆ្នាំ១៩៤៨។ ក្នុងខែមេសា ប្រជាពលរដ្ឋ Jeju បានងើបឡើងបះបោរប្រឆាំង នឹងការបំបែកបំបាក់ប្រទេសជាពីរបែបនេះ។
យោធាកូរ៉េខាងត្បូង ត្រូវបានបញ្ជូនទៅទប់ទល់ក្រុមបះបោរ។ ប្រជាពលរដ្ឋរស់នៅលើកោះរាប់ពាន់នាក់ត្រូវបានសម្លាប់ ហើយតាមការសន្និដ្ឋានបានឱ្យដឹងថា អ្នកភូមិប្រមាណ៧០ភាគរយ ត្រូវបានដុតសម្លាប់ទាំងរស់ដោយយោធាកូរ៉េខាងត្បូង។ ចលនាបះបោរនេះ បានឆាបឆេះម្តងទៀតដើម្បីប្រឆាំងការផ្ទុះឡើងនូវសង្គ្រាមកូរ៉េ។
ក្នុងខែមេសា ឆ្នាំ១៩៤៨ សន្និសិទសារព័ត៌មានដោយមានការចូលរួមពីសំណាក់អង្គការនានា មកពីភាគខាងត្បូង និងភាគខាងជើង ត្រូវបានរៀបចំឡើងក្នុងទីក្រុង ព្យុងយ៉ាង ប៉ុន្តែសន្និសិទនេះមិនបានផ្តល់លទ្ធផលអ្វីទាំងអស់។ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៤៨ ភាគខាងត្បូង បានរៀបចំការបោះឆ្នោតសកល។ ហើយនៅថ្ងៃទី១៥ ខែសីហា សាធារណរដ្ឋកូរ៉េត្រូវបានបង្កើតឡើងជាផ្លូវការ ដោយក្រោមអំណាចរបស់យោធាអាមេរិក និងមានលោក Syngman Rhee ជាប្រធានាធិបតីទីមួយ។ ចំណែកភាគខាងជើងវិញ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ត្រូវបានប្រកាសឡើងដូចគ្នានៅថ្ងៃទី០៩ ខែកញ្ញា ដោយមានលោក Kim Il-sung ជាប្រធានាធិបតី។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៤៨ មហាសនិ្នបាតអង្គការសហប្រជាជាតិ បានសម្រេចយល់ព្រមរបាយការណ៍របស់ UNTCOK និងប្រកាសថាសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) តែមួយគត់ដែលស្របតាមច្បាប់របស់រដ្ឋាភិបាលកូរ៉េ។ ក្នុងខែតុលា ឆ្នាំ១៩៤៨ ចលនាបះបោរ Yeosu –suncheon បានកើតឡើង។ ក្នុងឆ្នាំ១៩៤៩ រដ្ឋាភិបាល លោកSyngman Rhee បានបង្កើតសម្ព័ន្ធ Bodo ឡើងក្នុងគោលដៅត្រួតពិនិត្យទៅលើក្រុមបក្សប្រឆាំង។ សមាជិករបស់សម្ព័ន្ធនេះភាគច្រើនកសិករ និងជនស៊ីវិលដែលមិនមានកំហុស តែត្រូវបានបង្ខំឱ្យចូលជាសមាជិក។ ជាអកុសលក្នុងពេលសង្គ្រាមកូរ៉េផ្ទុះឡើងអ្នកដែលត្រូវចុះឈ្មោះជាសមាជិក និងក្រុមគ្រួសារទាំងអស់របស់ពួកគេត្រូវប្រហារជីវិតគ្មានសល់។ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៤៩ យោធាកូរ៉េខាងត្បូង បានសម្លាប់រង្គាលទៅលើប្រជាជនពលរដ្ឋ Mungyeong ដែលត្រូវគេសង្ស័យថាជាជនកុម្មុយនីស ឬក៏សង្ស័យថា គ្រួសាររបស់ពួកគេមានពាក់ព័ន្ធនឹងពួកកុម្មុយនីស។
* សង្គ្រាមកូរ៉េ៖
ការបែកបាក់ប្រទេសកូរ៉េជាពីរ បានកើតឡើងជាថ្មីម្តងទៀត ក្នុងរយៈជាង១០០០ឆ្នាំ បន្ទាប់ពីប្រទេសនេះត្រូវបានបង្រួបបង្រួមក្នុងឆ្នាំ៩១៨ បន្ទាប់ពីការបែកបាក់ម្តងរួចមកហើយក្នុងឆ្នាំ៦៩៨។ ការបែកបាក់នេះដំបូងឡើយត្រូវបានមើលឃើញថា គ្រាន់តែភាពចម្រូងចម្រាស និងបណ្តោះអាសន្នប៉ុណ្ណោះ។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៤៨ រហូតដល់ការចាប់ផ្តើមសង្គ្រាមស៊ីវិល ក្នុងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ យោធានៃភាគីទាំងពីរបានប្រឈមមុខដាក់គ្នាដោយការបង្ហូរឈាមនៅតាមបន្ទាត់ព្រំដែនយ៉ាងសាហាវព្រៃផ្សៃបំផុត។
ក្នុងឆ្នាំ១៩៥០ ជម្លោះនេះធ្លាក់ក្នុងភាពធ្ងន់ធ្ងរជាខ្លាំងនៅតាមបន្ទាត់ព្រំដែន នៅពេលដែលភាគីខាងជើងឈ្លានពានភាគខាងត្បូង ដែលនេះជាការចាប់ផ្តើមនូវសង្គ្រាមកូរ៉េ។ ភាគខាងជើងបានឈ្លានពានតំបន់មួយភាគធំ នៃដែនដីភាគខាងត្បូង រង់ចាំរហូតទាល់តែមានការអន្តរាគមន៍ ពីសំណាក់កងកម្លាំងអង្គការសហប្រជាជាតិ ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក វាយបកទៅវិញ។ នៅពេលនោះកងកម្លាំងរបស់ UN បានវាយដណ្តើមបានតំបន់មួយភាគធំនៃដែនដីខាងជើង។ ប៉ុន្តែកងកម្លាំងប្រទេស ចិន បានវាយបកមកវិញដណ្តើមបានភាគខាងជើងស្ទើរទាំងស្រុង ហើយដាក់ដែនដីនេះក្រោមរបបកុម្មុយនីស។
កិច្ចព្រមព្រៀងយុទ្ធសន្តិភាពនៅកូរ៉េ ត្រូវបានចុះហត្ថលេខាព្រមព្រៀង បន្ទាប់ពីសង្គ្រាមនេះបានអូសបន្លាយអស់រយៈពេលបីឆ្នាំ។ ភាគីទំាងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើតតំបន់មួយតាមបន្ទាត់ព្រំដែនកូរ៉េទាំងពីរ ដែលផ្តល់គំលាតពីគ្នារវាងភាគខាងជើង និងខាងត្បូងដល់ទៅ៤គីឡូម៉ែត្រ ដែលត្រូវបានគេស្គាល់ឈ្មោះថា តំបន់គ្មានយោធា DMZ។ ចាប់តាំងពីពេលនោះមកព្រំដែនកូរ៉េទាំងពីរ ត្រូវខណ្ឌចែកគ្នាយ៉ាងច្បាស់លាស់ដោយខ្សែស្របទី៣៨។
* សន្និសីទទីក្រុងហ្សឺណែវ និង NNSC ៖
សន្និសីទទីក្រុង ហ្សឺណែវ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ១៩៥៤ ដោយយោងទៅតាមយុទ្ធសន្តិភាពកូរ៉េ។ បើទោះបីជាក្នុងសនិ្នសិទនេះមានការចូលរួមប្រឹងប្រែងពីសំណាក់បណ្តាប្រទេសជាច្រើនចូលរួម ជាអកុសលកម្មវិធីនេះត្រូវបានបញ្ចប់ទៅដោយគ្មានសេចក្តីថ្លែងការណ៍ណាមួយ ឈានទៅរកការបង្រួបបង្រួមកូរ៉េទាំងពីរឡើយ។
ក្នុងយុទ្ធសន្តិភាពមានការបង្កើតជា គណៈកម្មាការត្រួតពិនិត្យជាតិអាព្យាក្រឹតហៅកាត់ថា NNSC ដែលតួនាទីក្នុងការត្រួតពិនិត្យស្ថានភាពនានារបស់កូរ៉េទាំងពីរ។ ចាប់តាំងពីឆ្នាំ១៩៥៣មក កងកម្លាំងរបស់ប្រទេស ស្វីស និងកងកម្លាំងបរទេសមួយចំនួន បានក្លាយជាសមាជិករបស់ NNSC ដែលមានស្នាក់ការនៅជិតតំបន់ DMZ។
បើទោះបីជាសង្គ្រាមស៊ីវិលរយៈពេលបីឆ្នាំ ត្រូវបានបញ្ចប់ទៅដោយយុទ្ធសនិ្តភាព ភាគីខាងជើង និងខាងត្បូងនៅតែបន្តជាសត្រូវនឹងគ្នា ហើយតែងតែប្រកាសពីភាពស្របច្បាប់របស់ខ្លួនក្នុងការកាន់កាន់ប្រទេសកូរ៉េទាំងមូលរៀងៗខ្លួន។ រាល់កិច្ចចរចាទាំងឡាយដើម្បីឈានទៅរកការបង្រួមបង្រួមជាតិទាំងពីរ តែងតែបញ្ចប់ទៅដោយគ្មានលទ្ធផលអ្វីទាំងអស់។
តាមរយៈប្រវត្តិសាស្ត្រប្រទេសកូរ៉េបានបង្ហាញថា វិបត្តិផ្ទៃក្នុងបូករួមសំខាន់ជាមួយ នឹងការអន្តរាគមន៍របស់មហាអំណាច បណ្តាលឱ្យកូរ៉េទាំងពីរត្រូវបែកបាក់គ្នា និងក្លាយជាដំបៅដែលបន្តឈឺចាប់ដល់បច្ចុប្បន្ន រហូតហាក់គ្មានសង្ឃឹមក្នុងការឈានទៅរកការបង្រួបបង្រួមបានឡើយ ផ្ទុយទៅវិញវាកាន់តែឈានដល់ដំណាក់កាលឡើងកំដៅជាលំដាប់ រហូតគូសត្រូវទាំងពីរ និងមហាអំណាចអាមេរិកប្រើប្រាស់អាវុធប្រល័យលោក ដើម្បីកំញើញទៅវិញទៅមក។ វិបត្តិនេះមិនត្រឹមតែផ្តល់ក្តីបារម្ភតែក្នុងតំបន់ប៉ុណ្ណោះទេ តែវាជាបានបង្កក្តីបារម្ភដល់ពិភពលោកទាំងមូលផងដែរ៕
សម្រួលដោយ៖ អ៉ឹត ចណ្ណា