(វ៉ាស៊ីនតោន)៖ សង្រ្គាមពាក្យសម្ដីរវាងលោក ដូណាល់ ត្រាំ និងអ្នកសារព័ត៌មាន បានចាប់កក្រើកឡើងវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិកកាំងរូប នេះ បានឆ្លៀតយកឱកាសគំរប់១០០ថ្ងៃ នៃការកាន់តំណែងរបស់លោក ប្រើប្រាស់ជាថ្មីពាក្យ «Fake News» ឬព័ត៌មានក្លែងក្លាយសំពងលើប្រព័ន្ធ ផ្សព្វផ្សាយអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកគាំទ្រក្នុងពិធីជួបជុំនៅឯទីក្រុង Harrisburg នៃរដ្ឋ Pennsylvania លោក ត្រាំ បានច្រានចោលរាល់ការរិះគន់ទំាងឡាយពីសំណាក់ ក្រុមអ្នកសារព័ត៌មានដែលលោកហៅថាជាព័ត៌មានក្លែងក្លាយ (Fake News)។ «ក្រុមអ្នកសារព័ត៌មានបានបរាជ័យនិងលម្អៀង ក្នុងការចុះផ្សាយ សមិទ្ធិផលរបស់ខ្ញុំ ក្នុងរយៈពេលនៃការកាន់តំណែង ១០០ថ្ងៃដំបូង។ ដូច្នេះខ្ញុំសប្បាយចិត្តនឹងនៅឱ្យឆ្ងាយចំងាយ១០០ miles ពីទីក្រុងវ៉ាស៊ីនតោន »។ នេះបើតាមការលើកឡើងរបស់ លោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែ ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកសារព័ត៌មានមួយរូបមកពីកាសែត Washington Post លោក Bob Woodward បានប្រាប់ទៅកាន់លោកប្រធានាធិបតីអាមេរិក នៅក្នុងពិធីទទួលអាហារពេលល្ងាចប្រចាំឆ្នាំរបស់ អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ថា «អ្នកសារព័ត៌មានមែនជា Fake News នោះទេ»។
គួរបញ្ជាក់ថា នៅក្នុងកែវភ្នែករបស់លោក ដូណាល់ ត្រាំ សារព័ត៌មានអាមេរិកធំៗ ដូចជា CNN, News York Times និង Washington Post ជាដើម គឺជា Fake News។ ជាក់ស្ដែង លោកផ្ទាល់ធ្លាប់បាននិយាយថា សារព័ត៌មានទំាងនេះ តែងតែសរសេរពីចំណុចអវិជ្ជមាន ឬអាក្រក់ពីរូប លោក ហើយបើទោះវាជារឿងល្អក៏ដោយ ក៏ពួកគេនៅតែរកវិធីសាស្ត្រសរសេរឱ្យកា្លយជារឿងអវិជ្ជមានដដែល។ ម្យ៉ាងវិញទៀត ដោយសារតែភាព ចម្រូងចម្រាស់នេះ ទើបលោកសម្រេចចិត្ត មិនចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាច ជាមួយក្រុមអ្នកសារព័ត៌មាន ដែលនេះបានធ្វើឱ្យលោក ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ មិនចូលក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គិតចាប់តាំងពីឆ្នាំ១៩៨១ នៃសម័យអតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គែន៕