(គូឡាឡាំពួរ)៖ ស្រ្តីដែលមានវ័យចំណាស់ជាងគេបង្អស់ នៅទូទាំងប្រទេសម៉ាឡេស៊ី និងអាចនិយាយបានថានៅលើទូទាំង ពិភពលោកទាំងមូលឈ្មោះ Puan Ahman អាយុ១២១ឆ្នាំ បានទទួលមរណភាពក្នុងផ្ទះចៅស្រីបង្កើតរបស់លោកយាយ ស្ថិតនៅទីក្រុង Kodiang នាថ្ងៃសុក្រម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។
ចៅស្រីឈ្មោះ Zaini Noh អាយុ៤៤ឆ្នាំ បានឲ្យដឹងថាលោកយាយ Puan បានស្លាប់នៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃសុក្រ សប្តាហ៍នេះ ដោយសារវ័យដ៏ចំណាស់របស់លោកយាយ បន្ទាប់ពីមានអារម្មណ៍ថាមិនស្រួលខ្លួនអស់រយៈពេល មួយសប្តាហ៍កន្លងមក ខណៈកូនៗនិងចៅៗទាំងអស់បានមកជួបជុំគ្នា។ ដោយឡែកកូនស្រីពៅរបស់លោកយាយ Puan អាយុ៦៧ឆ្នាំ បានបញ្ជាក់ថាម្តាយរបស់លោកស្រី អាចនៅនិយាយស្តី និងហូបចុកបានដូចធម្មតារហូតដល់ព្រឹកព្រលឹម ថ្ងៃដដែល។
គួរបញ្ជាក់ថា លោកយាយ Puan ទើបតែបានប្រារព្ធពិធីខួបកំណើតលើកទី១២១កាលពីថ្ងៃទី១២ ខែមេសានេះប៉ុណ្ណោះ ហើយលោកយាយមានវ័យច្រើនជាង លោកយាយម្នាក់ទៀត ជាជនជាតិអ៊ីតាលីឈ្មោះ Emma Morano ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងអាយុ១១៧ឆ្នាំ ជាមួយសេចក្តីរាយការណ៍ជាច្រើន បានអះអាងថាលោកយាយ Morano គឺជាមនុស្សចំណាស់ជាងគេបំផុតនៅលើពិភពលោក គិតត្រឹមពេលនៃការស្លាប់របស់លោកយាយ៕