(ម៉ានីល)៖ មនុស្សយ៉ាងតិច១៤នាក់ បានទទួលរងរបួសយ៉ាងដំណំ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកឆ្នៃមួយគ្រាប់ នៅឯទីក្រុងម៉ានីល ប៉ុន្តែអាជ្ញាធរប្រចាំតំបន់បានបញ្ជាក់ថា វាពុំមានជាប់ពាក់ព័ន្ធជាមួយកិច្ចប្រជុំកំពូលរវាងមេដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីនៃប្រទេសហ្វីលីពីននេះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។
ហេតុការណ៍បំផ្ទុះគ្រាប់បែកខាងលើនេះ បានកើតឡើងវេលាយប់ថ្ងៃសុក្រម្សិលមិញនេះ នៅចម្ងាយប្រហែលប្រាំគីឡូម៉ែត្រ ពីកន្លែងប្រជុំរបស់បណ្តាមេដឹកនាំអាស៊ាន ដែលស្ថិតក្រោមការការពារសន្តិសុខយ៉ាងរឹងមាំ ហើយប៉ូលិសបានឲ្យថា កម្លាំងរបស់ខ្លួនកំពុងធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់ទៅលើករណីនេះ ខណៈពុំទាន់មាននរណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយទេ។
អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ បានអះអាងនៅក្នុង សេចក្តីថ្លែងការណ៍ថា «ហេតុការណ៍នេះពុំមានការជាប់ពាក់ព័ន្ធ មិនថាដោយប្រយោលឬមួយក៏ដោយផ្ទាល់នោះឡើយ ជាមួយកិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងតែប្រព្រឹត្តទៅ ហើយម៉្យាងវិញទៀតយើងសូមធានា ដល់ប្រជាជនទាំងអស់របស់ យើងថា វិធានការសន្តិសុខស្ថិតក្រោមការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាព នៅក្នុងព្រឹត្តិការណ៍នាថ្ងៃនេះ ហើយសូមឲ្យសាធារណជន យោគយល់និងចូលរួមសហការទាំងអស់គ្នា»។
គួរបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំង១៤នាក់ មាន០៦នាក់របួសស្រាល ហើយត្រូវបានបញ្ចូនទៅលំនៅឋាន រៀងៗខ្លួនវិញហើយ បន្ទាប់ពីបានទទួលការព្យាបាលរួចមក ខណៈ០៨នាក់ផ្សេងទៀតកំពុងបន្តសម្រាក នៅក្នុងមន្ទីរពេទ្យ នៅឡើយ ហើយក្នុងនោះពីរនាក់បានទទួលរងរបួសធ្ងន់៕