(វ៉ាស៊ីនតោន)៖ នាថ្ងៃសៅរ៍នេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែបន្តទទូចថា កូរ៉េខាងត្បូងគួរតែជាអ្នកចេញថ្លៃ សម្រាប់ប្រព័ន្ធខែលការពារមីស៊ីល THAAD ដោយសារវាត្រូវយកទៅប្រើប្រាស់ ដើម្បីការពារប្រទេសនៃតំបន់អាស៊ីខាងកើតមួយនេះ ទោះបីជាម្សិលមិញនេះ ទីក្រុងសេអ៊ូលបានលើកឡើងដោយបដិសេធ ចំពោះការទាមទារនោះយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Washington Times លោកប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយថា «តើហេតុអ្វីបានជាយើងត្រូវបង់ថ្លៃការចំណាយលើវា ជំនួសទីក្រុងសេអ៊ូលទៅវិញនោះ? វាគឺជាប្រព័ន្ធការពារដ៏ទំនើបអស្ចារ្យ និងល្អជាងគេបំផុតនៅកលើពិភពលោក ហើយវាគឺជាមធ្យោបាយដើម្បីការពារប្រទេសកូរ៉េខាងត្បូង ដូច្នេះខ្ញុំសូមនិយាយដោយការគោរពថា វាជាត្រឹមត្រូវនិងសាកសមបើសិនជាពួកគេជាអ្នកបង់ប្រាក់សម្រាប់ប្រព័ន្ធ THAAD»។
គួរបញ្ជាក់ថា នាថ្ងៃសុក្រម្សិលមិញនេះ លោក ដូណាល់ ត្រាំ បានលើកឡើងម្តងរួចមកហើយ អំពីការទាមទារឲ្យបង់ប្រាក់សម្រាប់ប្រព័ន្ធខែលការពារមីស៊ីល THAAD នេះដែលកំពុងដាក់ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូង ដែលទង្វើនេះវាផ្ទុយទៅនឹងកិច្ចព្រមព្រៀងរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរកាលពីឆ្នាំមុន ដែលបានកំណត់ថា យោធាអាមេរិក នឹងទទួលបន្ទុកការចំណាយទាំងអស់ទៅលើការដាក់ពង្រាយ THAAD ដរាបណាទីក្រុងសេអ៊ូលយល់ព្រមទទួលដាក់ឲ្យតំឡើង និងផ្តល់ទីតាំងសម្រាប់វា។ ឆ្លើយតបចំពោះការទាមទារម្សិលមិញនេះ ប៉ុន្តែកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនពុំមានគំរោងដើម្បីចេញថ្លៃការចំណាយ នៃប្រព័ន្ធខែលការពារមីស៊ីលរបស់អាមេរិកនេះឡើយ៕