(ម៉ូស្គូ)៖ គ្រោះមហន្តរាយភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ដែលបាននិងកំពុងរីករាលដាលនៅក្នុងតំបន់ស៊ីបេរីនៃប្រទេសរុស្ស៊ី បានលេបត្របាក់យកភូមិប្រជាជនមួយកន្លែង ក៏ប៉ុន្តែអ្នកដែលរស់នៅទីនោះទាំងប៉ុន្មាន ត្រូវបានគេជួយសង្រ្គោះទាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។
មនុស្សរាប់រយនាក់បានជាប់គាំង នៅក្នុងភូមិមួយឈ្មោះថា Bubnovka ដែលស្ថិតនៅចំកណ្តាលផ្ទៃទឹក ស្របពេលដែលគ្រោះអគ្គីភ័យដ៏ធំមួយ បានធ្វើឲ្យឆាបឆេះលំនៅឋានរបស់ពួកគេ តែជាសំណាងល្អសម្រាប់ប្រជាជានប្រមាណ៤៣៥នាក់ បានរត់ភៀសខ្លួនដោយសុវត្ថិភាព ក៏ព្រោះតែបុគ្គលិករបស់មន្ទីរបង្ការគ្រោះអាសន្នប្រចាំតំបន់ ដែលកំពុងធ្វើការហ្វឹកហាត់ស្តីពីការទប់ស្កាត់គ្រោះទឹកជំនន់ នៅក្នុងតំបន់កើតហេតុស្រាប់ បានរួសរាន់ឆ្លើយតបចំពោះហេតុការណ៍នេះជាបន្ទាន់។
គួរបញ្ជាក់ដែរថា ទោះបីជាក្រុមភ្នាក់ងារពន្លត់អគ្គិភ័យក្នុងតំបន់ បានខិតខំប្រឹងប្រែងយ៉ាងណាក្តី លំនៅឋានចំនួន៨៦ខ្នងនៅក្នុងភូមិទាំងមូល ត្រូវបានឆេះខ្ទេចខ្ទីររាបដល់ដី ដោយសារតែអគ្គីភ័យភ្លើងឆេះព្រៃដ៏ធំនេះ៕